ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សមាគមហិរញ្ញវត្ថុធំៗ៣ជំរុញឲ្យទូទាត់ថ្លៃទំនិញនិងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងអំឡុងពេលជំងឺកូវីដ១៩

០៩ ធ្នូ ២០២០ | សេដ្ឋកិច្ច

ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែបន្តកើនឡើងនៃអ្នកឆ្លងជាបន្តបន្ទាប់នៅកម្ពុជា សមាគមហិរញ្ញវត្ថុធំៗ៣ នៅកម្ពុជាបានសម្រេចឯកភាពគ្នាចេញសេចក្តីថ្លែការរួមដោយលើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជំនួសឲ្យការទូទាត់សាច់ប្រាក់ដោយផ្ទាល់វិញ។  



សហគមធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និតជាមួយធនាគារជាតិ នៃកម្ពុជាក្នុងការសម្រួលឱ្យមានការទូទាត់ជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានមួយទៅកាន់គ្រឹះស្ថានមួយទៀត មានភាពកាន់តែងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានកម្រៃសេវាសមរម្យ តាមរយៈការកែសម្រួលនូវលក្ខខណ្ឌផ្សេងៗដែលនឹងត្រូវជូនដំណឹងក្នុងពេលឆាប់ៗខាងមុខ។

 

 

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា នេះគឺជាការណែនាំមួយដ៏ល្អ និងមានសារៈសំខាន់បំផុតសម្រាប់អតិថិជនក្នុងការចូលរួមទប់ស្កាត់នៃការរីករាលឆ្លងជំងឺកូវីដ ១៩ ទាំងអស់គ្នា និងជាឱកាសនៃការចូលរួមកាត់បន្ថយជំងឺឆ្លងមួយនេះបានមួយកម្រិតទៀតផងដែរ។

 

 

លោកបណ្ឌិត អ៊ិន ចាន់នី អះអាងបន្តថា នេះជាពេលវេលាដ៏ល្អ ខណៈគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុកំពុងតែមានស្រាប់នៃប្រព័ន្ធទូទាត់ជាអេឡិចត្រូនិករបស់ខ្លួន និងការគាំទ្រពីរាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះគឺពុំមានជាបញ្ហាឬមានការលំបាកចំពោះអ្នកប្រើប្រាស់នោះទេ ហើយក៏ពុំមានអ្វីដែលជាការខាតបង់នោះដែរ ផ្ទុយទៅវិញនឹងធ្វើឲ្យពួកគាត់កាន់តែចំណេញទាំងពេលវេលា ការចំនាយផ្សេងៗ និងអាចកាត់បន្ថយជំងឺឆ្លងបានយ៉ាងល្អផងដែរ។

 

 

លោកបណ្ឌិតបន្ថែមទៀតថា ការសម្រេចឲ្យអតិថិជនចូលរួមប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នេះ គឺភ្លាមៗនេះនឹងមិនធ្វើឲ្យមានផលប៉ះពាល់ណាមួយទៅដល់វិស័យហិរញ្ញវត្ថុនោះឡើយ ផ្ទុយទៅវិញគឺផ្តល់ជម្រើសមួយបន្ថែលទៀតទៅដល់អតិថិជន ដែលជាក់ស្តែងគិតជាមួយគ្នានេះដែរ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចនេះគឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងវិស័យធនាគា និងហិរញ្ញវត្ថុ។

 

 

 

លោកបន្ថែមទៀតថា យ៉ាងណាភ្លាមៗនេះយើងមិនរំពឹងថា ពួកគាត់ងាកមកប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងណាតាមរយៈសមាជិកសមាគមបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ អតិថិជនអ្នកប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងជាប្រចាំរៀងរាល់ខែ៕
 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024