ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជំនាញ សូមឱ្យអ្នកចិញ្ចឹមជ្រូកប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិក

០១ តុលា ២០២០ | ព័ត៌មានជាតិ

ខណៈវិស័យចិញ្ចឹមជ្រូក នៅកម្ពុជា កំពុងមានសម្ទុះជាទីសង្ឃឹម ថែមទាំងមានទីផ្សារល្អផងនោះ អ្នកជំនាញទាំងឡាយ នៅតែបារម្ភនូវការផ្ទុះឡើងសាជាថ្មី នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ហេតុនេះ កសិករត្រូវប្រុងប្រយ័ត្នជានិច្ច ដោយរក្សាអនាម័យ និងធ្វើជីវសុវត្ថិភាព ឱ្យបានទៀងទាត់ ព្រោះថា ឱ្យតែធ្វេសប្រហែស ជំងឺប៉េស្តជ្រូកអាហ្វ្រិក អាចផ្ទុះឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយនឹងអាចបំផ្លិចបំផ្លាញជ្រូកនៅកម្ពុជាសាជាថ្មីទៀត។

 


យើងប្រហែលជាអាចភ្លេចជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ុន្តែជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនដែលភ្លេចយើងម្តងណាទេ ពោលគឺជំងឺប៉េស្តជ្រូកអាហ្វ្រិក អាចផ្ទុះឡើង និង បំផ្លិចបំផ្លាញ បង្ហិនបង្ហោជ ជ្រូករបស់យើងគ្រប់ពេលវេលា ប្រសិនបើយើងហ៊ានធ្វេសប្រហែស ។ ហេតុនេះ ការធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួន និង ការធ្វើជីវៈសុវត្ថិភាព ជាប្រចាំ គឺជាកត្តាដ៏ចាំបាច់បំផុតមួយសម្រាប់កិសិករចិញ្ចឹមជ្រូក ។ នេះគឺជាការក្រើនរំឭករបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ។

 


សូមជម្រាបថា រយៈពេលប្រមាណជាជាង ១ ឆ្នាំ ចុងក្រោយនេះ វិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា មានសម្ទុះ គួរឱ្យកត់សម្គាល់ ។ ក្នុង ១ ថ្ងៃ កម្ពុជា ត្រូវការជ្រូកប្រមាណជា ៧ ពាន់ក្បាល ហើយពីចន្លោះខែ មករា ដល់ខែ កក្កដា ឆ្នាំ ២០២០ នេះ ក្នុង ១ ថ្ងៃ កម្ពុជា មានសមត្ថភាពបញ្ចេញជ្រូកពីកសិដ្ឋានទៅក្នុងទីផ្សារ ប្រមាណជា ៥ ពាន់ក្បាល ក្រៅពីនោះ ត្រូវនាំចូលពីប្រទេស ថៃ ដើម្បី បង្គ្រប់តម្រូវការ ។ ប៉ុន្តែចាប់ពីចន្លោះដើមខែ សីហា មកដល់ដំណាច់ខែ កញ្ញា នេះ ក្នុង ១ កម្ពុជា អាចបញ្ចេញជ្រូកទៅក្នុងទីផ្សារ ប្រមាណជា ៦ ពាន់ក្បាល ដែលបានសេចក្តីថា វិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា បានកើនសមត្ថភាពមួយកម្រិតទៀត ។

 


ទោះយ៉ាងណា អ្នកពាក់ព័ន្ធទាំងឡាយ ជាពិសេស លោក ស្រ៊ុន ពៅ ក៏ដូចជាឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ សុទ្ធតែបានក្រើនរំឭកជាបន្តបន្ទាប់ ហើយនៅតែបារម្ភចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយថា ជំងឺប៉េស្តជ្រូក អាហ្វ្រិក កំពុងលាក់ខ្លួននៅកន្លែងណាមួយ អាចនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកណាមួយ ពោលគឺ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងពី កម្ពុជា នៅឡើយទេ ។

 


គប្បីរំឭកថា កម្ពុជា ធ្លាប់រងការវាយប្រហារដោយជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ ២០១៩ ដោយវាបានសម្លាប់ជ្រូក កម្ពុជា អស់រាប់ពាន់ក្បាល ហើយតាមពិតទៅជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតតែលើសត្វជ្រូកប៉ុណ្ណោះ មិនកើតលើសត្វអ្វីផ្សេង ហើយក៏មិនកើតលើមនុស្សដែរ ប៉ុន្តែពេលវាកើតនៅកន្លែងណាហើយ វានឹងសម្លាប់ជ្រូកនៅទីនោះទាំងអស់ ជាក់ស្តែង វាបានបង្ហិនបង្ហោច ជ្រូកនៅ ប្រទេស វៀតណាម ដែលរហូតមកដល់ពេលនេះ វៀតណាម មិនទាន់ងើបផុតពីភាពហីនហោចដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក នេះនៅឡើយទេ ៕

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024