ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញថា វិស័យចិញ្ចឹមជ្រូកកម្ពុជា មានសម្ទុះខ្លាំង ប៉ុន្តែនៅត្រូវការជ្រូកច្រើនបន្ថែមទៀត

២២ មិថុនា ២០២០ | ព័ត៌មានជាតិ

តាំងពីមានជំងឺកូវីដ-១៩ មក សាច់ជ្រូក ទន្ទឹមនឹងមានទីផ្សារល្អទៅ វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា ក៏មានសម្ទុះខ្លាំងណាស់ដែរ។ ប៉ុន្តែអ្នកជំនាញអះអាងថា កសិករ នៅតែអាចបង្កើនការចិញ្ចឹមជ្រូកបន្ថែមទៀត តាមក្តីប្រាថ្នា គឺមិនបារម្ភខ្លាចខ្វះទីផ្សារ ឬខ្លាចជ្រូកធ្លាក់ថ្លៃឡើយ ព្រោះសម្ទុះនេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកនៅឡើយទេ។ ជាក់ស្តែងគឺកម្ពុជា នៅនាំជ្រូកចូលពីក្រៅប្រទេសនៅឡើយ។

 


វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា កំពុងមានសម្ទុះយ៉ាងខ្លាំងក្លា ដោយគិតត្រឹមឆមាសទី ១ នៃ ឆ្នាំ ២០២០ នេះ ជ្រូកកូន ត្រូវបានកសិករ កម្ពុជា ចិញ្ចឹមប្រមាណជា ៧ ម៉ឺនក្បាល បន្ថែមដោយជ្រូកពូជប្រមាណជា ៥ ពាន់ក្បាល ដែលចំនួននេះកើនឡើងយាងគំហុក បើធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ ។ នេះបើតាមការអះអាងរបស់ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ។

 


ទោះយ៉ាងណានៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ នេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា បានអះអាងថា កសិករនៅកម្ពុជា នៅតែអាចបង្កើនការចិញ្ចឹមជ្រូកបន្ថែមតាមក្តីប្រាថ្នា គឺអាចចិញ្ចឹមដល់ ១០ ក្បាល ក៏មិនបារម្ភថាខ្លាចជ្រូកខ្វះទីផ្សារ ឬ ធ្លាក់ថ្លៃដែរ ជាក់ស្តែងបច្ចុប្បន្នកម្ពុជា នៅត្រូវការនាំជ្រូកចូលពីប្រទេស ថៃ ក្នុង ១ ថ្ងៃប្រមាណជា ២ ពាន់ក្បាលនៅឡើយ ដែលបានសេចក្តីថា បើទោះបីជាវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា មានសម្ទុះខ្លាំង ក៏សម្ទុះនេះ មិនទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយដែរ ។

 


ត្រូវបានមើលឃើញ និង ទទួលស្គាល់ជាទូទៅថា សម្ទុះខ្លាំង នៃ ការចិញ្ចឹមជ្រូកនៅកម្ពុជា នេះ ដោយសារក្រសួងកសិកម្ម តាមរយៈនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ មានភាពច្បាស់លាស់ និង ប្រែប្រួលទៅតាមតម្រូវការជាក់ស្តែង នៃ ការនាំជ្រូកចូលពីប្រទេស ថៃ ហើយកិច្ចការនេះ ត្រូវបានឯកឯត្តម តាន់ ផាន់ណារ៉ា អះអាងថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ដែលមានគោលដៅធ្វើយ៉ាងណា ឱ្យកម្ពុជា មានលទ្ធភាពអាចចិញ្ចឹមជ្រូកផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន ហើយដើម្បី ឆ្ពោះទៅសម្រេចគោលនោះ នាយកដ្ឋានសុខភាពសត្វ និង សុខភាពសត្វ បាន និង កំពុងប្រើយុទ្ធសាស្ត្រកាត់បន្ថយការនាំជ្រូកចូលពីក្រៅប្រទេស និង បង្កើនការចិញ្ចឹមក្នុងស្រុក ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានបញ្ចេញថវិកាចំនួន ៥០ លានដុល្លារដែលជាកញ្ចប់ថវិកាដំបូង តាមរយៈធនាគាអភិវឌ្ឍន៍ជនបទ និង កសិកម្ម ក្នុងការជំរុញវិស័យកសិកម្មនៅកម្ពុជា ៕

អត្ថបទៈ ខឿន សាឃាង, រូបភាពៈ ឆិល សុភ័ស្ត និង ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024