ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញអះអាងថា ជ្រូកនៅកម្ពុជា មិនងាយនឹងធ្លាក់ថ្លៃទេ

៣០ មិថុនា ២០២០ | ព័ត៌មានជាតិ

ចាប់ពីពេលនេះតទៅ ជ្រូកនៅកម្ពុជា មិនងាយនឹងធ្លាក់ថ្លៃឡើយ! មិនងាយនឹងធ្លាក់ថ្លៃ ដោយហេតុថា គ្មានជ្រូកប្រទេសណាមួយអាចចូលមកឆាឆៅ ធ្វើឱ្យមានបញ្ហាដល់តម្លៃជ្រូកនៅកម្ពុជាឡើយ ខណៈជ្រូកវៀតណាម គ្មានសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក ចំណែកជ្រូកនាំចូលពីប្រទេសថៃ ស្ថិតក្រោមការគ្រប់គ្រង ហើយភាពច្បាស់លាស់បែបនេះ គឺជាផ្នែកមួយ នៃការអនុវត្តតាមអនុវសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះគឺជាការអះអាងរបស់ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ។

 


សូមជម្រាបថា កន្លងមក មូលហេតុដែលជ្រូកនៅ កម្ពុជា អាចធ្លាក់ថ្លៃប៉ះពាល់ដល់អ្នកចិញ្ចឹម  ដោយសារខ្វះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នៃ ការនាំចូលពីប្រទេស ថៃ និង ប្រទេស វៀតណាម ។ ប៉ុន្តែតាំងជ្រូកនៅវៀតណាម ត្រូវបានបំផ្លិចបំផ្លាញបង្ហិនបង្ហោចដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំទៅម៉ិញមក វៀតណាម ខ្វះជ្រូកយ៉ាងច្រើន ត្រូវនាំជ្រូកចូលពីប្រទេស ថៃ ជាហេតុធ្វើឱ្យជ្រូកនៅប្រទេស វៀតណាម ឡើងថ្លៃខ្ពស់ជាងប្រទេសកម្ពុជា គឺនៅកម្ពុជា តម្លៃប្រមាណជា ១២ ០០០ ទៅ ១៣ ០០០ រៀល ខណៈ នៅវៀតណាម តម្លៃ ១៧ ០០០ ទៅ ១៨ ០០០ ឯណោះ ក្នុងមួយគីឡូក្រាម នៃ ជ្រូករស់ ហើយត្រូវបានមើលឃើញថា វៀតណាម ត្រូវការពេលវេលាប៉ុន្មានឆ្នាំទៀតឯណោះ ទម្រាំមានលទ្ធភាពផ្គង់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងន័យនេះ រយៈពេលប៉ុន្មឆ្នាំទៅទៀតនេះ ជ្រូកវៀតណាម គ្មានសមត្ថភាពគំរាមកំហែងទីផ្សារជ្រូកនៅកម្ពុជាទេ។

 


ចំណែកជ្រូកដែលត្រូវនាំចូលពីប្រទេសថៃ បានស្ថិតក្រោមការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពអស់រយៈពេលយ៉ាងហោចក៏កន្លះឆ្នាំមកហើយ ដែលទិដ្ឋភាពបែបនេះ មិនធ្លាប់មានឡើយ ក្នុងបណ្តាឆ្នាំកន្លងមក ហើយឯកឧត្តម តាន់ ផាន់ណារ៉ា បញ្ជាក់ម្តងហើយម្តងទៀតថា   នៅពេលណាវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា មានសមត្ថភាពបំពេញតម្រូវការក្នុងស្រុក ការនាំជ្រូកចូលពីប្រទេសជិតខាង ក៏នឹងលែងឱ្យមានទៀតដែរ ដែលជាសម្រេចសម្រួចទៅ នេះគឺជាឱកាសដ៏ល្អបំផុតមួយ សម្រាប់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ក្នុងការពង្រឹកសមត្ថភាពរបស់ខ្លួន និងទទួលបានផលចំណេញពីការចិញ្ចឹមជ្រូក៕

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024