ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ទូតខ្មែរនៅម៉ាឡេស៊ី ប្រាប់ពលរដ្ឋអំពីលក្ខខណ្ឌមុន និងក្រោយការវិលមកដល់កម្ពុជា

០៤ ឧសភា ២០២០ | ព័ត៌មានជាតិ

ចេញមកហើយតម្រាយផ្លូវ សម្រាប់ការវិលត្រឡប់មកមាតុប្រទេសវិញរបស់ប្រជាពលរដ្ឋ សិស្សនិស្សិត ពលករ ពលការនីកម្ពុជា ដែលខកខានដំណើរវិលត្រឡប់តាំងតែពីថ្ងៃទី៧ខែមេសាកន្លងទៅ។ តាមរយៈសេចក្ដីជូនដំណឹងចេញផ្សាយនៅថ្ងៃទី១ ដើមខែឧសភានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី បានបញ្ជាក់ឱ្យដឹងនូវលក្ខខណ្ឌត្រូវអនុវត្តទាំងមុនពេលបានចាកចេញពីប្រទេសម៉ាឡេស៊ី និងបន្ទាប់ពីបានធ្វើដំណើរតាមយន្តហោះមកដល់កម្ពុជាភ្លាម។

 

 

មុនបានចាកចេញពីម៉ាឡេស៊ី ស្ថានទូតបានណែនាំពលរដ្ឋផ្ដល់ព័ត៌មានមួយចំនួនមកស្ថានទូត រួមមានថតចម្លងលិខិតឆ្លងដែននៅត្រង់ទំព័រមានរូបថត ទំព័រពន្យាសុពលភាព និងទំព័រទិដ្ឋាការ ឬត្រាចូលរបស់អន្តោរវេសន៍ម៉ាឡេស៊ី ថតចម្លងសំបុត្រយន្តហោះត្រឡប់ទៅកម្ពុជា, មុខរបរ, អាសយដ្ឋាន និងលេខទូរសព្ទនៅម៉ាឡេស៊ី និងនៅកម្ពុជា និងលិខិតបញ្ជាក់សុខភាព ចេញដោយអាជ្ញាធរម៉ាឡេស៊ីថា គ្មានជំងឺកូវីដ១៩។

 

 

ចំពោះការទៅពិនិត្យសុខភាពនេះ ស្ថានទូតបានណែនាំឱ្យរង់ចាំការជូនដំណឹងរបស់ស្ថានទូតជាមុនសិន ពិសេសគឺរង់ចាំកាលបរិច្ឆេទជាក់លាក់នៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ហើយរាល់ព័ត៌មានតម្រូវដូចបានបញ្ជាក់នេះ ពលរដ្ឋត្រូវផ្ញើទៅស្ថានទូតតាមលេខទូរសព្ទដូចមានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹង។ ស្ថានទូតក៏បានណែនាំពលរដ្ឋទៅស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរពីអាជ្ញាធរម៉ាឡេស៊ីនៅតំបន់ដែលខ្លួនកំពុងរស់នៅ។

 

 

បើតាមស្ថានទូត ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ គឺត្រូវតែសម្រាកព្យាបាលឱ្យបានជាសះស្បើយសិន ទើបអនុញ្ញាតឱ្យវិលត្រឡប់ទៅកម្ពុជា។ ដោយឡែកសម្រាប់ការបានមកដល់ប្រទេសវិញ ត្រូវអនុវត្តគោលការណ៍ចត្តាឡីស័ក ដាក់ឱ្យនៅដាច់ដោយឡែក នៅវិទ្យាល័យជម្ពូវ័នរយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យសុខភាពមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ពេលទៅដល់ផ្ទះក៏ត្រូវធ្វើចត្តាឡីស័កនេះដោយខ្លួនឯង១៤ថ្ងៃទៀត ក្រោមការតាមដានពីគ្រូពេទ្យនៅមណ្ឌលសុខភាព និងអាជ្ញាធរ។

 

 

 

សូមបញ្ជាក់ថាពលរដ្ឋខ្មែរជានិស្សិត ពលករ ពលការនី ប្រមាណ១៥០នាក់ បានគាំងដំណើរវិលត្រឡប់មកប្រទេសវិញនៅអាកាសយានដ្ឋានទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី៧ខែមេសាកន្លងទៅ។ រាជរដ្ឋាភិបាល និងស្ថានទូតកម្ពុជា បានស្នើសុំការអធ្យាស្រ័យពីពួកគាត់ ដោយបានទទួចឱ្យរក្សាភាពអត់ធ្មត់ ថែរក្សាសុខភាពឱ្យបានល្អ រហូតដល់មានការសម្រេចពីសម្ដេចតេជោឱ្យពួកគាត់វិលត្រឡប់មកមាតុប្រទេសវិញបាន។ អ្វីដែលបានកើតឡើង គឺសុទ្ធតែដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕
 

 

អត្ថបទ៖ រ៉េន រតនៈ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024