ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ឯកអគ្គរាជទូត រៀបរាប់អំពីស្ថានភាពពលរដ្ឋខ្មែរនៅកូរ៉េ ក្នុងបរិបទជំងឹកូវីដ-១៩

១៣ មេសា ២០២១ | ព័ត៌មានជាតិ

ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩មក មានប្រជាពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង ៣នាក់ បានឆ្លងជំងឺនេះ កាលពីឆ្នាំ២០២១៩ ហើយនៅប៉ុន្មានខែដើមឆ្នាំ២០២១នេះ មានពលរដ្ឋខ្មែរ ២០នាក់ បានឆ្លងជំងឺនេះ។ យ៉ាងណាក៏ដោយ ពួកគាត់សុទ្ធតែព្យាបាលជាសះស្បើយអស់ហើយ។ ដោយឡែក ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងការដាក់ចេញវិធានការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ក៏បានធ្វើឲ្យចំនួនពលករខ្មែរធ្វើដំណើរមកលេងបុណ្យចូលឆ្នាំ មានចំនួនតិចតួចប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

 


ពីទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានមានប្រសាសន៍ប្រាប់PNNអំពីស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។ បើតាមឯកឧត្តម ឡុង ឌីម៉ង់ មានពលរដ្ឋខ្មែរ ២៣នាក់ប៉ណោ្ណះបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៣នាក់ជាស្រ្តីរៀបការជាមួយស្វាមីកូរ៉េ ព្រមទាំងម្ដាយ និងកូនស្រ្តីនោះ បានឆ្លងនៅឆ្នាំ២០២០ និង២០នាក់ទៀតគឺជាក្រុមពលករស្រ្តី និងបុរស។ ដោយទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកូរ៉េ និងទទួលបានការជួយទំនុកបំរុងពីស្ថានទូត និងសមាគមខ្មែរនៅទៅនោះ ពួកគាត់បានជាសះស្បើយអស់ហើយ។

 


ឯកឧត្តមបានឱ្យដឹងថានៅឆ្នាំ២០២០ មានពលករប្រមាណ៥០ភាគរយបានប្រឈមនឹងបញ្ហាដោយសាររោងចក្របន្ថយម៉ោងការងារ និងខ្លះរោងចក្រផ្អាកការងារជាបណ្ដោះអាសន្ន។ ភ្លាមៗស្ថានទូតខ្មែរបានចូលរួមចំណែករៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករដែលជួបបញ្ហាក្នុងជីវភាពចំនួន៦ទីតាំង។ យ៉ាងណាក៏ដោយឯកឧត្តមបានបន្ថែមថានៅចុងឆ្នាំ២០២០ ដើមឆ្នាំ២០២១ រោងចក្រ សហគ្រា សិប្បកម្ម និងកសិដ្ឋាន បានដំណើរការឡើងវិញ ហើយពលករខ្មែរក៏ចាប់ផ្ដើមមានការងារធ្វើឡើងវិញ ហើយស្ថានភាពនេះពលករប្រទេសដ៏ទៃក៏ជួបដូចគ្នាដែរ។

 


ឯកឧត្តមឯកអគ្គរាជទូតក៏បានឱ្យដឹងដែរថា ដូចកាលពីឆ្នាំ២០២០កន្លងទៅដែរ នៅឆ្នាំនេះស្ថានភាពជំងឺកូវីដ១៩បានបន្តរារាំងមិនឱ្យស្ថានទូតអាចរៀបចំព្រឹត្តិការណ៍សង្ក្រាន្តមហាគ្រួសារខ្មែរនៅកូរ៉េបាន ជាមួយគ្នានេះ ក៏ដូចគ្នានេះបើធៀបនឹងឆ្នាំ២០២០ កូវីដ១៩បានធ្វើឱ្យពលរដ្ឋខ្មែរ ពិសេសពលករវិលមកលេងបុណ្យចូលឆ្នាំនៅស្រុកខ្មែរកាន់តែតិចតួច ដ្បិតពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព និងយល់ដឹងអំពីវិធានការរបស់រាជរដ្ឋាភិបាល។


សូមបញ្ជាក់ថាបច្ចប្បន្នមានពលរដ្ឋខ្មែររស់នៅកូរ៉េខាងត្បូងប្រមាណ៦ម៉ឺននាក់ ក្នុងនោះជាង៥ម៉ឺននាក់ជាពលករ។ មុនមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងមួយឆ្នាំពលករខ្មែរដែលធ្វើការនៅកូរ៉េខាងត្បូងបានផ្ញើប្រាក់មកក្រុមគ្រួសារនៅប្រទេសកម្ពុជាប្រមាណ៦០០ទៅ៧០០លានដុល្លារ។ ចំនួននេះអាចថយចុះ៥ទៅ១០ភាគរយប៉ុណោ្ណះក្នុងស្ថានភាពកូវីដ១៩។ 

 


ជុំវិញស្ថានភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅទីនោះ ឯកឧត្តមឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានអំពាវនាវពលរដ្ឋខ្មែរនៅទីនោះអនុវត្តតាមគោលការណ៍របស់អាជ្ញាធរកូរ៉េ និងបានផ្ញើសារទៅកាន់ក្រុមគ្រួសារសាច់ញាតិនៅប្រទេសកម្ពុជាថាស្ថានទូតខ្មែរ និងអាជ្ញាធរកូរ៉េនឹងខិតខំមើលពួកគេឱ្យបានល្អ ហើយសូមជួយណែនាំកូនចៅ ភរិយា ឬស្វាមីរបស់ខ្លួនថាប្រសិនបើមិនទាន់មានការចាំបាច់សូមកុំទាន់ប្រញាប់មកលេងស្រុកកំណើតក្នុងស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ និងស្ថានទូត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024