ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ឯកអគ្គរាជទូត ប្រាប់អំពីស្ថានភាពពលរដ្ឋប្រឈមបញ្ហាក្នុងវិបត្តិកូវីដ ៣ករណី នៅកូរ៉េខាងត្បូង

០៨ ឧសភា ២០២០ | ព័ត៌មានជាតិ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម ពីទីក្រុងសេអ៊ូលសាធារណៈរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង ឯកឧត្តមឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ប្រាប់PNN អំពីស្ថានភាពពលរដ្ឋខ្មែរដែលកំពុងប្រឈមនឹងបញ្ហា៣ករណីផ្សេងៗគ្នាពាក់ព័ន្ធនឹងវិបត្តិកើតចេញពីការរីករាលដាលជំងឺកូវីឌ១៩ រួមមានករណីខកដំណើរវិលត្រឡប់មកកម្ពុជា ករណីឆ្លងជំងឺកូវីដ១៩ និងករណីរងការដាក់ពិន័យពីអាជ្ញាធរកូរ៉េ។


សម្រាប់ករណីពលរដ្ឋខ្មែរមួយគ្រួសារ រួមមានប្ដី ប្រពន្ធ និងកូនតូច ដែលធ្វើដំណើរពីអាមេរិក មកដល់កូរ៉េ ហើយមិនអាចរកយន្តហោះជិះបន្តដំណើរពីកូរ៉េឆ្ពោះទៅកម្ពុជាបានព្រោះតែបន្ទាត់នៃការរឹតបន្តឹងក្នុងវិបត្តិកូវីដ១៩នោះ ឯកឧត្តម ឡុង ឌីម៉ង់ បានមានប្រសាសន៍ពួកគាត់នឹងអាចធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅយប់ថ្ងៃទី៨ ខែឧសភាស្អែកនេះហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីស្ថានទូតក្រោមការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 


ឯកឧត្តមឯកអគ្គរាជទូតដែលចេញទៅជួបពលរដ្ឋមួយគ្រួសារនោះនៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឆ័នភ្លាមៗបន្ទាប់ពីទទួលបានដំណឹងអំពីការស្វែងរកយន្តហោះបន្តដំណើរមិនបាននោះ បានបន្តថាពួកគាត់ទាំង៣មិនមានផ្ទុកជំងឺកូវិដ១៩នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់ស្អែកនេះ ពួកគាត់នឹងត្រូវបន្តដំណើរទៅមន្ទីរពេទ្យកុមារជាតិដើម្បីធ្វើតេស្តរកជំងឺនេះជាថ្មីទៀត ក្រោមការចាត់ចែងពីអាជ្ញាធរសុខាភិបាល។ ការសម្រេចឱ្យទៅមន្ទីរពេទ្យកុមារជាតិ ក៏ព្រោះតែក្នុងចំណោមពួកគាត់ទាំង៣ មានកុមារជាកូនអាយុ១១ខែដែរ។


ដោយឡែកសម្រាប់ករណីនិស្សិតស្រីជនជាតិខ្មែរម្នាក់ដែលត្រូវបានអាជ្ញាធរកូរ៉េរកឃើញមានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីចាកចេញពីអង់គ្លេស ហើយគ្រោងប្ដូរយន្តហោះនៅកូរ៉េដើម្បីបន្តដំណើរមកកម្ពុជាដែរនោះ នៅពេលនេះ នាងនៅតែមានផ្ទុកជំងឺកូវីដ១៩នៅឡើយទេ និងកំពុងស្ថិតក្រោមការតាមដាន និងព្យាបាលដោយយកចិត្តទុកដាក់ពីអាជ្ញាធរសុខាភិបាលកូរ៉េ។ នេះបើតាមឯកឧត្តម ឡុង ឌីម៉ង់ ដែលបានបន្ថែមថាស្ថានទូត បានធ្វើទំនាក់ទំនងជាប្រចាំជាមួយនិស្សិតនោះ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងត្រៀមផ្ដល់កិច្ចគាំទ្រសម្រាប់តម្រូវការផ្សេងៗ។

 


ចំណែកករណីពលរដ្ឋខ្មែរម្នាក់ ដែលត្រូវអាជ្ញាធរកូរ៉េចោទថាបានបំពានគោលការណ៍ចត្តាឡីស័កនៅក្នុងផ្ទះក្រោយវិលត្រឡប់ពីប្រទេសកម្ពុជា ហើយអាចរងការពិន័យទឹកប្រាក់ និងបណ្ដេញចេញនោះ នៅពេលនេះក៏កំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីស្ថានទូតដែរ។ ឯកឧត្តម ឡុង ឌីម៉ង់ បានឱ្យដឹងថានៅថ្ងៃនេះ គាត់បានផុតការធ្វើចត្តាឡីស័កហើយ ហើយសេចក្ដីសម្រេចថានឹងត្រូវបង់ប្រាក់ពិន័យប្រមាណ៨ពាន់ដុល្លារ រួមទាំងបណ្ដេញចេញពីកូរ៉េ ឬយ៉ាងណានោះ អាជ្ញាធរកូរ៉េនឹងសម្រេចនៅថ្ងៃស្អែកនេះ។


សូមបញ្ជាក់ថា ពលរដ្ឋខ្មែរដែលរងការពិន័យព្រោះល្មើសគោលការចត្តាឡីស័កនោះ គឺគាត់បានមកលេងស្រុកខ្មែរនាឱកាសបុណ្យចូលឆ្នាំ ហើយបានវិលទៅកូរ៉េវិញ ដោយអាជ្ញាធរកូរ៉េបានតម្រូវឱ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនៅកន្លែងស្នាក់នៅ។ ប៉ុន្តែគាត់បានចេញទៅស្នាក់ការអន្តោប្រវេសន៍ ដោយអះអាងថាបាត់ឯកសារមួយចំនួន។ ការចេញទៅទាំងស្ថិតក្នុងកាលធ្វើចត្តាឡីស័កនេះហើយ ទើបអាជ្ញាធរចាត់ទុកជាការបំពានដែលអាចរងការផាកពិន័យប្រាក់ជាង៨ពាន់ដុល្លារអាមេរិក និងបណ្ដេញចេញទៀតផង។ មាននិស្សិតវៀតណាមម្នាក់ហើយត្រូវបានអាជ្ញាធរកូរ៉េបណ្ដេញចេញព្រោះបញ្ហាស្រដៀងគ្នានេះ៕

 

អត្ថបទ៖ រ៉េន រតនៈ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024