ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ព្រឹត្តិការណ៍បង្ហាញម៉ូដ Valentino ប្ដូរពីទីក្រុងប៉ារីស មកទីក្រុងមីឡានវិញម្ដង

២៩ កញ្ញា ២០២០ | កម្សាន្ដ

ក្នុងសម័យកាលជំងឺកូវីដ១៩ ម៉ាកសំលៀកបំពាក់ Valentino (វ៉ាឡេនទីណូ) បានរៀបចំកម្មវិធីដើរបង្ហាញម៉ូដសំលៀកបំពាក់ដ៏កម្រមួយ ដែលមានភ្ញៀវកិត្តិយសចូលរួមផ្ទាល់ៗតែម្ដង ខុសពីកម្មវិធីភាគច្រើនដែលមានចាក់ផ្សាយតាមរយៈអនឡាញមួយប៉ុណ្ណោះ។

 


ម៉ាកសំលៀកបំពាក់អ៊ីតាលី Valentino (វ៉ាឡេនទីណូ) បានប្ដូរគោលដៅពីទីក្រុងប៉ារីស មកជ្រើសរើសយកទីក្រុងមីឡានប្រទេសអ៊ីតាលី សម្រាប់ជាទីតាំង ប្រារព្ធកម្មវិធីដើរបង្ហាញម៉ូដសំលៀកបំពាក់ថ្មីៗរបស់ខ្លួន ដែលបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យទី២៧ ខែកញ្ញាកន្លងទៅ។

 


កម្មវិធីដើរបង្ហាញម៉ូដសំលៀកបំពាក់នេះ គឺជាកម្មវិធីដ៏កម្រមួយក្នុងសម័យកាលកូវីដ១៩ ដែលបានរៀបចំឡើងជាលក្ខណៈផ្ទាល់ៗ ដោយមានកំណត់ភ្ញៀវកិត្តិយសដែលចូលរួម និងបានតម្រូវឲ្យមានការពាក់ម៉ាស់គ្រប់ៗគ្នាផងដែរ។

 


គួររំលឹកថាអ៊ីតាលីគឺជាប្រទេសអឺរ៉ុបមុនគេបង្អស់ដែលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ១៩ ដោយរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តន៍វិធានការបិទខេត្ត/ក្រុងតាំងពីដើមខែមីនាមក។ នាពេលនេះចំនួនអ្នកឆ្លងថ្មីក្នុងមួយថ្មីមានក្រោម ២០០០ករណី ដែលទាបជាងនៅប្រទេសបារាំង អេស្ប៉ាញ និងអង់គ្លេស។

 


ក្រឡេកមើលវិស័យសំលៀកបំពាក់ និងវាយនភណ្ឌនៅអ៊ីតាលី ដែលបានជួយបង្កើតចំណូលបាន ៩៥ពាន់លានអឺរ៉ូ និងផ្ដល់ការងារបានប្រមាណ ៦០ម៉ឺនកន្លែង កំពុងតែធ្លាក់ចុះខ្លាំង។ ផ្អែកតាមសហព័ន្ធ Confindustria (ខនហ្វីនដាស់ស្ទ្រៀ) បានឲ្យដឹងថាការនាំចេញសំលៀកបំពាក់ស្ត្រីពីប្រទេសអ៊ីតាលីមានការធ្លាក់ចុះ ២៤% ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន


 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024