ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

លទ្ធផលស្រាវជ្រាវរបស់បណ្ឌិត្យសភានគរបាលកម្ពុជា បង្ហាញថា អ្នកបើកបរភាគច្រើន នៅភ្នំពេញ មិនទាន់មានឥរិយាបថ ចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍

០៩ កញ្ញា ២០២០ | ព័ត៌មានជាតិ

បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញានេះ  បានបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការសិក្សាស្រាវជ្រាវ លើប្រធានបទ «ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញ»។ សិក្ខាសាលានេះ បានបង្ហាញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមិនទាន់បានទូលំទូលាយ ហើយអ្នកបើកបរភាគច្រើន នៅមិនទាន់មានឥរិយាបថចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍។ 

 


លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានរកឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមិនទាន់បានទូលំទូលាយ ហើយអ្នកបើកបរភាគច្រើននៅមិនទាន់មាន ឥរិយាបថចូលរួមក្នុងការគោរពច្បាប់ និងការរឹតបណ្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការសិក្សាស្រាវជ្រាលើប្រធានបទ «ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ។

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដទៀតថា ការចូលរួមសហការរបស់អ្នកពាក់ព័ន្ធ ក៏នៅមានភាពខ្វះចន្លោះ ក្នុងការចូលរួមពង្រឹង ការអនុវត្តច្បាប់ផងដែរ ហើយធនធានគាំទ្រដល់ដំណើរការអនុវត្ត ការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមានការខ្វះខាតច្រើន ដែលជាហេតុផលធ្វើឲ្យប្រសិទ្ធភាព នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញនៅមានកម្រិត។

 


គួរជម្រាបជូនថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានសិក្សាស្រាវជ្រាវលើប្រធានបទ «ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញ» រយៈពេល៥ខែ ចាប់ផ្តើមពីចុងខែតុលា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការសរសេររបាយការណ៍ លទ្ធផលនៃការស្រាវជ្រាវជាស្ថាពរ ដែលត្រូវការផ្សព្វផ្សាយក្នុងអង្គសិក្ខាសាលានាពេលនេះ។ ហើយសិក្ខាសាលានេះ ធ្វើឡើងនៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីតំណាងអង្គភាព និងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល សមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុន ហ៊ុនដា ព្រមទាំងអ្នកចូលរួម សរុបចំនួនប្រមាណ១០០នាក់៕

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ សុខ ជួបរិទ្ធីបញ្ញា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024