ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ក្រុមប្រឹក្សាធម្មនុញ្ញថា ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ស្របនឹងរដ្ឋធម្មនុញ្ញ

២៧ មេសា ២០២០ | ព័ត៌មានជាតិ

ព្រាងស្នើឡើងរាជរដ្ឋាភិបាល និងត្រូវបានរដ្ឋសភា ព្រឹទ្ធសភាអនុម័ត ដោយគ្មានកែប្រែជាបន្តបន្ទាប់ ឥឡូវនេះ សេចក្ដីច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសមាសភាព ៩រូប ដឹកនាំដោយឯកឧត្តម អ៊ឹម ឈុនលឹម បានអនុម័តជាឯកច្ឆន្ទថា ស្របនឹងរដ្ឋធម្មនុញ្ញ។


នេះជាការប្រកាសឱ្យដឹងរបស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកិច្ចប្រជុំពិនិត្យ និងសម្រេច នូវសំណើររបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន។

 

 

ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ស្ថាប័ននេះមានសមាសភាព៩រូប ក្នុងនោះមាន១រូបជាប្រធាន។ សមាសភាពទាំង ៩រូបនេះ មាន៣រូបតែងតាំងដោយព្រះមហាក្សត្រ ៣រូបបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា និង៣រូបទៀតបោះឆ្នោតជ្រើសតាំងដោយព្រឹទ្ធសភា។


បើតាមអគ្គលេខាធិការរងនៃអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា ជានីតិវិធីបន្ត ក្រុមប្រឹក្សាធម្មនុញ្ញ និងផ្ញើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នទៅស្ថាប័នរដ្ឋសភាវិញ និងចម្លងជូនទៅស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា តុលាការកំពូល និងទីស្ដីការគណៈរដ្ឋមន្ត្រី។

 

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នមាន៥ជំពូក និង១២មាត្រានេះ។ ពេលនេះការចូលជាធរមាននៃច្បាប់នេះ គឺនៅរង់ចាំតែការឡាយព្រះហស្តលេខាព្រះមហាក្សត្រប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នព្រះមហាក្សត្រ កំពុងគង់ពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងជាមួយសម្ដេចព្រះវររាជមាតានៅឡើយ។ យ៉ាងណាក៏ដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អាចមានសិទ្ធិចុះហត្ថលេខាប្រកាសឱ្យប្រើច្បាប់នេះ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី។

 

 

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់មិនអាចខ្វះបានដើម្បីឆ្លើយតបនឹងស្ថានភាពប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។ 

 

ជាការកត់សំគាល់ មិនមែនមានន័យថាកម្ពុជា ឬផ្នែកណាមួយនៃដែនដីកម្ពុជា នឹងត្រូវដាក់ក្នុងភាពអាសន្នភ្លាមភ្លែត បន្ទាប់ពីច្បាប់នេះចូលជាធរមាននោះឡើយ។ ការប្រកាសដាក់ប្រទេស ឬផ្នែកណាមួយនៃប្រទេស ក្នុងភាពអាសន្ន គឺជានីតិវិធីមួយទៀត ដែលតាមរយៈច្បាប់នេះ នាយករដ្ឋមន្ត្រី ត្រូវពិគ្រោះយោបល់ និងឯកភាពជាមួយប្រធានព្រឹទ្ធសភា រដ្ឋសភា មុននឹងទូលថ្វាយព្រះហាក្សត្រប្រទានប្រកាសដាក់ប្រទេស ឬផ្នែកណាមួយនៃប្រទេស ក្នុងភាពអាសន្ន៕
 

អត្ថបទ៖ រ៉េន រតនៈ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024