ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនអោយបរទេស មកប្រើខ្មែរ សម្លាប់ខ្មែរទៀតទេ

០៥ កញ្ញា ២០១៧ | ព័ត៌មានជាតិ

ក្នុងពិធីសម្ពោធព្រះវិហារឥស្លាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១៧ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពាវនាវជាថ្មី ទៅកាន់ជនរួមជាតិ ឲ្យបន្តខិតខំរក្សាសន្តិភាពក្នុងដៃអោយជាប់។ ប្រមុខដឹកនាំប្រទេស ក៏បានប្រកាស មិនអោយបរទេសណាប្រើខ្មែរ ដើម្បីបំផ្លាញខ្មែរតទៅទៀតបានឡើយ។

 

រូបភាពពី ទំព័រហ្វេសប៊ុក​របស់​សម្តេចហ៊ុន សែន។

 

 

ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអធ្រាតឈានចូលថ្ងៃទី ៣ ខែកញ្ញានេះ ក្រោមហេតុផលថា បានឃុបឃិតជាមួយបរទេស ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ដែលជាអំពើក្បត់ជាតិ។ ភ្លាមៗក្រោយការចាប់ខ្លួន រាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយពន្យល់ថា ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើង ក្រោមបទល្មើសជាក់ស្តែង ដោយអនុលោកតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

 

 

 

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលបន្តថា តាមរយៈវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្តាញ  CBN ( Cambodian Broadcasting Network) ដែលមានទីតាំង ក្នុងប្រទេសអូស្ត្រាលី និងភស្តុតាងផ្សេងទៀត ដែលសមត្ថកិច្ចប្រមូលបាន គឺពិតជាបានបង្ហាញយ៉ាងច្បាស់ អំពីការឃុបឃិតគ្នា រវាងលោក កឹម សុខា ជាមួយបរទេសដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បន្តថា ការឃុបឃិតគ្នាជាសម្ងាត់នេះ ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

 

រូបភាពពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

 


ការចាប់ខ្លួនលោក កឹម សុខា ក៏មានប្រតិកម្មពីក្រសួងការបរទេសអាមេរិក ដោយបានសម្តែងការព្រួយបារម្ភ ចំពោះស្ថានការណ៍នេះ និងបញ្ជាក់ថា ការចាប់ខ្លួនមេបក្សប្រឆាំងនេះ មើលទៅហាក់ដូចជាមាននិន្នាការនយោបាយ។  សហភាពអឺរ៉ុប និងបក្សសង្គ្រោះជាតិ ក៏បានថ្លែងការណ៍ស្រដៀងគ្នានេះដែរ។ ឆ្លើយតបនឹងបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានហៅប្រតិកម្មរបស់បរទេស ជាពិសេសរបស់ក្រសួងការបរទេសថា គ្រាន់តែជាការការពារអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ។

 

 

សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើអោយបរទេសទាំងឡាយ សូមគោរពអធិបតេយ្យជាតិរបស់កម្ពុជា មិនត្រូវប្រើប្រាស់វិធីផ្ដួលរំលំ តាមរយៈបដិវត្តន៍ពណ៌នោះទេ។ ហើយក៏បានប្រកាសស៊ើបអង្កេតរកជនបរទេសណា ដែលពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយលោក កឹមសុខា ផងដែរ។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សន្តិភាព ត្រូវរក្សាអោយបាន នៅក្នុងដៃរបស់យើង មិនអោយក្រុមណាមួយមកបំផ្លិចបំផ្លាញតាមរយៈការធ្វើអាយ៉ងរបស់ជនបរទេសនោះឡើយ។ ពាក់ព័ន្ធនឹងជោគវាសនារបស់លោក កឹម សុខា សម្ដេចគិតថា ទុកអោយតុលាការជាអ្នកកំណត់។

 


សម្តេច ហ៊ុន សែន បានលើឧទាហរណ៍ជាក់ស្ដែង ដែលបានកើតឡើងនៅមជ្ឈឹមបូព៌ាដូចជា អ៊ីរ៉ាក់ លីប៊ី ស៊ីរី យ៉េមែន ជាដើម ដែលធ្លាប់រងគ្រោះដោយសារតែបដិវត្តន៍ពណ៌។ ដោយឡែកអតីតកាលរបស់កម្ពុជា នៅក្នុងឆ្នាំ១៩៧០ ក៏ធ្លាប់រងគ្រោះខ្លោចផ្សា រងទុក្ខវេទនារួចហើយដោយសារតែបរទេស។ ដូច្នេះ កម្ពុជាត្រូវតែមើលអោយឃើញចំណុចទាំងនេះ និងត្រូវដើរឈានឡើងទៅមុខដោយរក្សាអោយបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះ។

 

 

សូមបញ្ជាក់ថា មកដល់ម៉ោងនេះ លោក កឹមសុខា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។  លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងនៅ ការបញ្ជូនខ្លួនលោកកឹម សុខា ទៅឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង គឺជាការឃាត់ខ្លួនបណ្តោះអាសន្ន បានន័យថា មិនទាន់បញ្ជូនចូលក្នុងពន្ធនាគារនៅឡើយទេ គឺឃុំឃាំងនៅបន្ទប់ធ្វើការ៕

 

 

សូមទស្សនាវីដេអូ៖

 

 

 

ប្រភព៖ PNN News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024