ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ប្រទេសឥណ្ឌា បានចាប់ផ្តើមការបោះឆ្នោតនៅថ្ងៃសុក្រ(១៩មេសា) ជាការបោះឆ្នោតធំបំផុតនៅក្នុងពិភពលោក ខណៈលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ស្វែងរកការបន្តកាន់អំណាចអណត្តិទី៣ជាបន្តទៀត។
ការបោះឆ្នោតជាការប្រកួតគ្នារវាងគណបក្សBharatiya Janata Party (BJP) របស់លោកModi និងសម្ព័ន្ធគណបក្សប្រឆាំងដែលមានគណបក្សដៃគូច្រើនជាង២០គណបក្ស។
«លោកModi នឹងវិលត្រលប់មកកាន់អំណាចវិញ ដោយសារតែការងាររបស់លោកក្នុងវិស័យជាច្រើនដូចជាសុវត្ថិភាព សន្តិសុខគឺល្អ» ។នេះជាការលើកឡើងរបស់លោក Abdul Sattar អាយុ៣២ឆ្នាំជាពលរដ្ឋទៅបោះឆ្នោតនៅរដ្ឋUttar Pradesh ជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុត។
ពលរដ្ឋជិត១ពាន់លាននាក់(ប្រហែល៩៦៩លាននាក់) នៅក្នុងប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅក្នុងពិភពលោកមួយនេះគឺជាអ្នកមានសិទ្ធិបោះឆ្នោត។ ការបោះឆ្នោតនៅប្រទេសឥណ្ឌាធ្វើឡើង៧ដំណាក់កាល ចាប់ផ្តើមបោះឆ្នោតពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃ១មិថុនា ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃ៤មិថុនា។
ការស្ទាបស្ទង់មតិបង្ហាញថា គណបក្សBJP របស់លោកModi នឹងឈ្នះការបោះឆ្នោតក្នុងសម្លេងគាំទ្រច្រើនលើសលប់យ៉ាងងាយស្រួល ទោះជាអ្នកបោឆ្នោតមានការបារម្ភពីបញ្ហាគ្មានការងារធ្វើ អតិផរណា និងបញ្ហាទុក្ខព្រួយរបស់ពលរដ្ឋតំបន់ជនបទនៅក្នុងប្រទេសសេដ្ឋកិច្ចធំលូតលាស់លឿនបំផុតនៅក្នុងពិភពលោកមួយនេះក៏ដោយ។
អត្ថបទ៖ណាវ័ន្ត