ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ចំនួនអ្នកដែលឆ្លងជំងឺខូវីដ១៩សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៧,៤លាននាក់

 

 

គិតត្រឹមល្ងាចថ្ងៃសុក្រនេះ អ្នកឆ្លងខូវីដ១៩នៅលើទូទាំងពិភពលោកកើនដល់ជាង១៧,៤លាននាក់ (17,481,953), ចំណែកអ្នកស្លាប់កើនដល់ជាង៦៧ម៉ឺន ៦ពាន់នាក់ (676,824)។ វៀតណាមទទួលបានជំនួយជាង៦លានដុល្លារពីធនាគារពិភពលោក ដើម្បីប្រើប្រាស់នៅក្នុងការធ្វើតេស្តឈាម, ការស្រាវជ្រាវវ៉ាក់សាំង និងការបំពាក់គ្រឿងបរិក្ខារនៅមន្ទីរពិសោធ។

 

 

បើគេពិនិត្យមើលស្ថានការណ៍វិវត្តនៅទ្វីបអាស៊ីមុនគេ។ នៅប្រទេសថៃថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងខូវីដ១៩ចំនួន៦នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ជាង៣៣១០នាក់។ សព្វថ្ងៃនេះ, ថៃនៅសល់អ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យចំនួន១២៧នាក់។ នៅវៀតណាម, ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងនៅក្នុងសហគមន៍៤៥នាក់បន្ថែមទៀត ដែលជាករណីឆ្លងជាចង្កោមចេញពីមន្ទីរពេទ្យនៃទីក្រុងដាណាង។ អាជ្ញាធរបញ្ជាឲ្យបិទអាជីវកម្មកម្សាន្ត និងក្លឹបកម្សាន្តនៅទីក្រុងហាណូយ និងហូជីមិញ រហូតដល់មានការជូនដំណឹងសាជាថ្មី។ រីឯការជួបជុំគ្នាមិនត្រូវលើស៣០នាក់ជាដាច់ខាត។

 

 

នៅប្រទេសចិន ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី១២៧នាក់បន្ថែមទៀត ដែលភាគច្រើនរស់នៅខេត្តស៊ីនជាំង។ អាជ្ញាធរចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើរចេញពីចូលខេត្តស៊ីនជាំង ដោយតម្រូវឲ្យអ្នកដែលចេញពីខេត្តនេះធ្វើចត្តាឡីស័ក១៤ថ្ងៃ។

 

 


នៅហ្វ៊ីលីពីន ការធ្វើដំណើរនៅទីក្រុងម៉ានីឡាត្រូវរឹតបន្តឹងឡើងវិញ ទោះបីជាមិនដល់ថ្នាក់បិទច្រកចេញចូលទាំងស្រុងក៏ដោយ។ ជាពិសេស ការធ្វើដំណើររបស់កុមារ និងមនុស្សចាស់។ មួយទៀត រឹតបន្តឹងវិធានការនៅតាមភោជនីយដ្ឋាន និងក្លឹបហាត់ប្រាណ ដោយអនុវត្តរហូតដល់ពាក់កណ្ដាលខែសីហា។ ហ្វ៊ីលីពីនសព្វថ្ងៃនេះមានអ្នកឆ្លងខូវីដ១៩សរុបជាង៨ម៉ឺននាក់ (89,374)។

 

 

នៅអូស្ត្រាលី, អាជ្ញាធរសង្កេតឃើញថាខូវីដ១៩នៅតែមិនព្រមថមថយចុះទាល់តែសោះនៅទីក្រុងមែលប៊ន នៃរដ្ឋវីកថូរៀ។ មិនតែប៉ុណ្ណោះ ជំងឺនេះថែមទាំងឆ្លងហួសព្រំដែនទៅតំបន់ក្បែរៗនោះថែមទៀត។ ជាក់ស្ដែងថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី៦២៧នាក់បន្ថែមទៀត។ ដូច្នេះ អាជ្ញាធរត្រៀមដាក់ចេញវិធានការក្ដៅកាន់តែក្ដៅ ដើម្បីទប់ទល់នឹងជំងឺនេះ។

 

 

បើគេពិនិត្យមើលស្ថានការណ៍នៅទ្វីបអាមេរិកវិញម្ដង សហរដ្ឋអាមេរិកនៅតែរងគ្រោះយ៉ាងដំណំដោយសារជំងឺខូវីដ១៩។ ចំនួនអ្នកឆ្លងសរុបកើនដល់ជាង៤លាន ៦សែននាក់ (4,634,985), ចំណែកអ្នកស្លាប់កើនដល់ជាង១៥ម៉ឺន ៥ពាន់នាក់ (155,285)។ ឥឡូវនេះ ខូវីដ១៩ចាប់ផ្ដើមបង្វែរទិសដៅរបស់ខ្លួនទៅវាយប្រហារបណ្ដារដ្ឋនៅភាគខាងលិចកាន់តែខ្លាំង៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024