ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយនឹងលោក អូឡាហ្វ សូល អធិការបតីអាល្លឺម៉ង់ដើម្បីពិភាក្សាគ្នាពីពាណិជ្ជកម្ម និងគោលនយោបាយបរទេសនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក សូល បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងរយៈពេលបីថ្ងៃចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ។ ដំណើរទស្សនកិច្ចរបស់លោក សូល នេះបានធ្វើឡើងក្នុងពេលដ៏លំបាកមួយ ខណៈដែលសហភាពអឺរ៉ុបកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងចំពេលអឺរ៉ុបកំពុងស៊ើបអង្កេតថា តើ រដ្ឋាភិបាលចិនពិតជាបានជួយឧបត្ថម្ភធនដល់ក្រុមមហ៊ុនផលិតកម្មរបស់ចិនដែលកំពុងលក់បង្ខូចតម្លៃនៅលើទីផ្សារអឺរ៉ុបមែន ឬក៏យ៉ាងណា។
ក្នុងកិច្ចប្រជុំនេះ លោក ស៊ី បានរុញច្រាននូវការត្អូញត្អែររបស់ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុនឌឺលេយែន ( Ursula von der Leyen) អំពីការផលិតច្រើនហួសហេតុនូវបច្ចេកវិទ្យាបៃតងរបស់ចិនដូចជារថយន្តអគ្គិសនីជាដើមដែលអឺរ៉ុបបានចោទថាទទួលបានការគាំទ្រយ៉ាងអយុត្តិធម៌នូវការឧបត្ថម្ភធន«ដ៏ច្រើន»ពីរដ្ឋាភិបាលចិន។
ទាំងលោក សូល និងលោក ស៊ី ដែលបានជួបពិភាក្សាគ្នាជាងបីម៉ោងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារបានគូសបញ្ជាក់ពីវិសាលភាពក្នុងការបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី និងអឺរ៉ុបទាំង២នេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន