ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

អ៊ីស្រាអ៊ែល៖នឹងវាយប្រហារតបតទៅនិងការវាយប្រហារមីស៊ីលនិងដ្រូនពីសំណាក់ប្រទេសអ៊ឺរ៉ង់

 

 

នាយអគ្គសេនាធិការកងទ័ពប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃច័ន្ទ បានលើកឡើងថា អ៊ីស្រាអ៊ែលនឹងឆ្លើយតបតបទៅនឹងការវាយប្រហាររបស់ប្រទេសអ៊ឺរ៉ង់ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ ប៉ុន្តែលោកមិនបានលម្អិតទៅលើពេលវេលា និងរបៀបនៃការឆ្លើយតបរបស់ប្រទេសអ៊ីស្រាអ៊ែលយ៉ាងណានោះឡើយ។ ការលើកឡើងយ៉ាងដូច្នេះពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល បានធ្វើឡើងខណៈបណ្តាមេដឹកនាំពិភពលោកបានជំរុញឱ្យមានភាពអត់ធ្មត់ដើម្បីជៀសវាងការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ 

 

ការវាយប្រហារធ្វើឡើងដោយប្រទេសអ៊ឺរ៉ង់នៅថ្ងៃសៅរ៍ បានកើតឡើងជាការឆ្លើយតបតបទៅនឹងការវាយប្រហារដែលគេសង្ស័យថាធ្វើឡើងដោយប្រទេសអ៊ីស្រាអ៊ែលលើអាគារកងស៊ុលអ៊ឺរ៉ង់នៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី បានសម្លាប់ឧត្តមសេនីយ៍អ៊ឺរ៉ង់២នាក់។ ការវាយប្រហាររបស់អ៊ឺរ៉ង់ ជាបង្ហាញពីពេលវេលាដំបូងដែលអ៊ឺរ៉ង់បើកការវាយប្រហារយោធាដោយផ្ទាល់លើប្រទេសអ៊ីស្រាអ៊ែលទោះជាប្រទេសទាំងពីរមិនមែនជាមិត្តរាប់ទសវត្សចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩នៅប្រទេសអ៊ឺរ៉ង់។ 

 

ក្នុងការវាយប្រហារកាលពីចុងសប្តាហ៍ របស់ប្រទេសអ៊ឺរ៉ង់លើប្រទេសអ៊ឺស្រាអ៊ែល ឃើញថាអ៊ឺរ៉ង់ បានប្រើប្រាស់ដ្រូន មីស៊ីលបលីស្ទីក និងមីស៊ីលគ្រូសលើប្រទេសអ៊ីស្រាអ៊ែល។ យោធាអ៊ីស្រាអ៊ែលឱ្យដឹងថា ៩៩ភាគរយនៃដ្រូននិងមីស៊ីលត្រូវចាប់បាន។ 
 

លោក Herzi Halevi  នាយអគ្គសេនាធិការកងទ័ពប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃច័ន្ទ បានលើកឡើងថា អ៊ីស្រាអ៊ែលកំពុងពិចារណាជំហានបន្ទាប់របស់ខ្លួន ប៉ុន្តែលោកបញ្ជាក់ថាការវាយប្រហាររបស់ប្រទេសអ៊ឺរ៉ង់នឹងត្រូវជួបជាមួយនិងការប្រឆាំងតបតវិញ។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024