ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

សន្ទុះគាំទ្រច្រើនលើសលុបលើធ្វើឱ្យ OMG & Peypey Dy ត្រៀមបង្កើតអ្វីថ្មីឱ្យរឹតតែអស្ចារ្យថែមទៀត

១២ មេសា ២០២៤ | កម្សាន្ដ

 

 

ទោះបីជាមេឃក្តៅកម្រិតណា ក៏មិនអាចបញ្ឈប់សន្ទុះគាំទ្រ OMG x Peypey Dy Songkhran School Tour បានឡើយ ដោយមនុស្សម្នាភ្លូកទឹកភ្លូកដីបានមកចូលរួមការសម្តែង ៤ថ្ងៃ ប្រកបដោយស្នាមញញឹម និងអនុស្សាវីរយ៍ល្អៗជាមួយគ្នា។កម្មវិធី OMG x Peypey Dy Songkhran School Tour រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃ៧ ដល់ថ្ងៃទី៩ ខែមេសា របស់ក្រុមរាំល្បីឈ្មោះ OMG និងក្រុម Peypey Dy បានបញ្ចប់ទៅដោយជោគជ័យ ដោយមានអ្នកចូលរួមលេងកម្សាន្តរាប់ម៉ឺននាក់ ច្រើនលើសពីការរំពឹងទុករបស់អ្នករៀបចំកម្មវិធីទៅទៀត។

 

 
កម្មវិធីឆ្នាំនេះ បានផ្តល់នូវផ្ទាំងទស្សនីយភាពថ្មីប្លែកមិនធ្លាប់មានរវាងក្រុម OMG និងក្រុម Peypey Dy រួមទាំងកម្មវិធី​ Fan meeting ជាមួយហ្វេនៗយ៉ាងសប្បាយរីករាយ តាមទីតាំងវិទ្យាល័យទាំង ៤ ដែលក្នុងនោះ ហ្វេនៗបានជួបជជែកលេងជាមួយ idol ក្នុងដួងចិត្តពួកគេដោយផ្ទាល់ និងបានលេងហ្គេមសប្បាយៗយករង្វាន់ពី Cafe Corner របស់ Peypey Dy ទៀតផង។ មិនតែប៉ុណ្ណោះ ហ្វេនៗក៏បានថតរូបអនុស្សាវីរយ៍ជាមួយក្រុមទាំង ២ យ៉ាងសប្បាយរីករាយប្រកបដោយស្នាមញញឹម សំណើចក្អាកក្អាយក្នុងកម្មវិធីនេះ។

 


 
សមិទ្ធផលដ៏ល្អឯកនេះ កើតឡើងពីភាពសាមគ្គីគ្នារបស់ក្រុមការងារទាំងមូល ជាពិសេស Dragon, Panha និង Biebot ដែលបានពួតដែលសហការគ្នាអស់ពីកម្លាំងកាយចិត្ត បង្កើតចេញជាកម្មវិធី  អស្ចារ្យខាងលើ។ តាមដែលដឹងមក ការចំណាយសម្រាប់រៀបចំកម្មវិធី នេះ ច្រើនរហូតដល់ទៅជិត ៥០០០ ដុល្លារ ដែលនេះវាជាបន្ទុកផ្ទាល់របស់ក្រុមការងារទាំងមូល។

 


 
កញ្ញា ដាណែត ប្រធានក្រុមរាំ OMG តំណាងឱ្យក្រុមការងារទាំងមូល បានសម្តែងការស្ងប់ស្ងែង និងគោរពដល់ទឹកចិត្តអ្នកចូលរួមជាពន់ពេក ដែលគ្រប់គ្នាមកចូលរួមលេងកម្មវិធី នេះទាំងមេឃកំពុងក្តៅខ្លាំង ថែមទាំងហ៊ោកញ្ជ្រៀវផ្តល់កម្លាំងចិត្តដល់ក្រុមសិល្បករទៀត ដែលនេះជាកម្លាំងចិត្តដ៏ធំធេងជំរុញឱ្យក្រុមទាំង ២ ធ្វើការសម្តែងលើឆាកទាំងកណ្តាលថ្ងៃ ដោយមិនខ្លាចភាពហត់នឿយ ធ្វើយ៉ាងណាផ្តល់ភាពសប្បាជូនអ្នកចូលរួមឱ្យខ្លាំងតាមដែលអាចធ្វើទៅបាន។

 


 
ដោយសារការចាប់ដៃគ្នាលើកដំបូងទទួលជោគជ័យខ្លាំងលើសពីការរំពឹងទុក ធ្វើឱ្យក្រុម Peypey Dy និងក្រុម OMG មានចិត្តចង់ពង្រីកកម្មវិធី Songkhran School ឱ្យរឹតតែធំជាងនេះទៀតនៅឆ្នាំក្រោយ ដោយគ្រោងដាក់បញ្ចូលទម្រង់សិល្បៈបុរាណផ្សេងៗ ដើម្បីជាការបញ្ជ្រាបចំណេះដឹង និងសិល្បៈបុរាណខ្មែរទៅប្អូនៗជំនាន់ក្រោយឱ្យកាន់តែច្រើនឡើង។

 


 
ក្នុងនោះផងដែរ ដាណែត តំណាងឱ្យក្រុមការងារ OMG x Peypey Dy Songkhran School សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួមលេងកម្សន្តកម្មវិធី Songkhran School ក៏ដូចជាអរគុណដល់គណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្ត នៅវិទ្យាល័យជាស៊ីមកំពង់ថ្ម ខេត្តកំពង់ធំ, វិទ្យាល័យហ៊ុនសែនវត្តស្វាយ ខេត្តសៀមរាប, វិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ និងវិទ្យាល័យមុនីវង្ស ខេត្តបាត់ដំបង ដែលបានជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដល់ក្រុមការងារ រហូតទទួលបានជោគជ័យជាផ្លែផ្កាដូចពេលនេះ៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024