ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ប្រជាជនជប៉ុននៅទីក្រុងតូក្យូ និងនៅតាមបណ្ដាខេត្តប្រញាប់ទៅទស្សនាផ្កាឆឺរីរីកស្គុះស្គាយ

ជនជាតិជប៉ុននៅទីក្រុងតូក្យូ រួមទាំងអ្នកទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅទីក្រុងនេះកាលពីថ្ងៃទី២ ខែមេសាបានប្រមូលផ្ដុំគ្នានៅសួនឧទ្យានក្បែរព្រះបរមរាជវាំងដើម្បីគយគន់ដើមឆឺរី (Cherry) ដ៏ស្រស់ស្អាតកំពុងចេញផ្កាយ៉ាងស្គុះស្គាយ។ ទិដ្ឋភាពនេះកើតឡើងមុនការព្យាករទុកថាទាល់តែដល់រដូវវស្សាទើបដើមឈើទាំងនេះបញ្ចេញផ្កា។
 

 

 

 

បើតាមចំណាំ, ដើមឆឺរីចេញផ្កាពណ៌ស៊ីជម្ពូឆើតនៅរដូវស្លឹកឈើជ្រុះ។ រដូវកាលដែលផ្កាឆឺរីរីកនៅរាជធានីតូក្យូចាប់ពីថ្ងៃទី២៩ ខែមីនាឆ្នាំនេះ។ ពោលគឺឆ្នាំនេះចេញផ្កាយឺតមិនធ្លាប់មាននៅក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ។ បញ្ហាយឺតយ៉ាវនេះដោយសារអាកាសធាតុត្រជាក់ខ្លាំងខុសពីធម្មតានៅខែមីនា។ ផ្កាឆឺរីជប៉ុន ឬហៅម៉្យាងទៀតថាផ្កាសាគូរ៉ាច្រើនតែរីកស្គុះស្គាយរយៈពេលពីមួយសប្ដាហ៍ទៅដប់ថ្ងៃ។

 

នៅប្រទេសជប៉ុន គេនិយមគយគន់សម្រស់ផ្ការីកសាគូរ៉ានេះណាស់។ ជាពិសេស ក្រុមអ្នកនិយមចូលចិត្តដើរលំហែកាយនៅតាមសួនច្បារ។ ពួកគាត់ដើរចូលទៅអង្គុយនៅលើកៅអីថ្មនៅពីក្រោមដើមឆឺរីតែម្ដង។ អ្នកខ្លះពេញមួយឆ្នាំ ពួកគាត់ចំណាយពេលមកទស្សនាសម្រស់ផ្កាសាគូរ៉ានៅទីក្រុងតូក្យូដែលរីកពេញបន្ទុករយៈពេលប៉ុន្មានថ្ងៃនេះ។

 

 

 

បន្ទាប់មក ពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសជប៉ុន។ ឥឡូវនេះ ដោយសារអាកាសធាតុប្រែប្រួល អ្នកទេសចរមិនអាចកំណត់ពេលវេលាជាក់លាក់ដើម្បីមកទស្សនាទេសភាពដ៏ស្រស់បំព្រងនៃផ្កាឆឺរីបានឡើយ។ មានន័យថាផ្ការីកពេលណាត្រូវតែឆ្លៀតមកមើលពេលហ្នឹង។

 

អ្នកខ្លះនាំគ្នាធ្វើពិចនិច (picnics), ច្រៀងលេងកម្សាន្ត និងជួបជុំគ្នាទទួលទានគ្រឿងស្រវឹង។ លោកអាគីរ៉ា.កាម៉ុ (Akira Kamo) និងប្រពន្ធរបស់គាត់អ្នកស្រីគីនូយ៉ុ (Knuyo) ជាអ្នករស់នៅខេត្តហ៊ីរ៉ូស៊ីម៉ា។ លោក និងអ្នកស្រីឆ្លៀតធ្វើដំណើរពីចម្ងាយមកទស្សនាផ្កាឆឺរី។ ពួកគាត់នឹកសង្ឃឹមថានឹងបានទស្សនាទេសភាពដើមឆឺរីដែលចេញផ្កាស្គុះស្គាយ។ ពួកគាត់ប្រាប់ថាមកលើកនេះរួចហើយត្រូវរង់ចាំរយៈពេលមួយឆ្នាំទម្រាំបានវិលត្រឡប់មកមើលផ្កានេះសាជាថ្មី៕

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024