ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ជនស៊ីវិលភូមារត់ភៀសខ្លួនដូចទឹកបាក់ទំនប់ចូលទឹកដីថៃនៅពេលសង្គ្រាមផ្ទៃក្នុងបន្តឆាបឆេះកាន់តែខ្លាំង

បន្ទាប់ពីពួកបះបោរនៅប្រទេសភូមាវាយយកបានទីក្រុងយុទ្ធសាស្ត្រឈ្មោះមីយ៉ាវ៉ាត់ឌី (Myawaddy) ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ, សង្គ្រាមនៅតែបន្តឆាបឆេះយ៉ាងខ្លាំង។ បញ្ហានេះធ្វើឲ្យជនស៊ីវិលភូមាបន្តរត់ភៀសខ្លួនចូលទឹកដីថៃដូចទឹកបាក់ទំនប់ ខណៈដែលប្រទេសថៃកំពុងពង្រឹងសន្តិសុខយ៉ាងខ្លាំង និងត្រៀមទទួលយកជនភៀសខ្លួនបន្ថែមទៀត។

 

 

 

 

អាជ្ញាធរថៃឲ្យដឹងថានៅក្នុងមួយថ្ងៃៗ ជនភៀសខ្លួនជាងមួយពាន់នាក់បានរត់ចូលទឹកដីថៃតាមទីក្រុងមេសូត (Mae Sot) នៃខេត្តតាក (Tak)។ ទោះបីក្រុមប្រឆាំងមានប្រៀបនៅតាមព្រំដែន ប៉ុន្តែរបបយោធាក៏បន្តវាយបកវិញយ៉ាងខ្លាំង។ ជាពិសេស វាយប្រហារពីលើអាកាសដោយយន្តហោះ។

 

សាក្សីនិយាយថាយន្តហោះរបស់របបយោធាបានទម្លាក់គ្រាប់បែកសងសឹកទៅលើពួកឧទ្ទាម។ គេឮសំឡេងគ្រាប់កាំភ្លើង និងគ្រាប់បែកយ៉ាងកងរំពង។ នៅលើស្ពានមិត្តភាពដែលតភ្ជាប់ពីទីក្រុងមីយ៉ាវ៉ាត់ឌីឆ្ពោះទៅព្រំដែនប្រទេសថៃជាធម្មតាមានមនុស្សឆ្លងកាត់ត្រឹមតែមួយរយនាក់ប៉ុណ្ណោះ។

 

ប៉ុន្តែឥឡូវនេះមានមនុស្សសម្រុកចេញពីប្រទេសភូមាតាមស្ពាននេះច្រើនណាស់។ គេឃើញទាហានថៃចាប់ផ្ដើមពង្រឹងសន្តិសុខនៅទីក្រុងមេសូត និងឃើញឡានទាហានបើកបរល្បាតនៅតាមព្រំដែន និងនៅម្ដុំស្ពានមិត្តភាព។

 

បន្ទាប់ពីពួកកុលសម្ព័ន្ធជាតិការ៉េន (Karen) ប្រកាសពីការវាយបែកសម្បុកចុងក្រោយរបស់របបសឹកនៅទីក្រុងមីយ៉ាវ៉ាត់ឌី និងចូលកាន់កាប់ទីក្រុងនេះ គេឃើញរបបយោធាបញ្ជូនយន្តហោះបាញ់កម្ទេចផ្ទះ និងអគារជាច្រើនខ្នងនៅជិតស្ថានីយរថយន្តក្រុងតាមបណ្ដោយផ្លូវហាយវេ។ នៅតំបន់ព្រំដែន គេឃើញថាការិយាល័យរបស់របបសឹកភូមាបានបិទទ្វារស្ទើរតែទាំងអស់។ លើកលែងតែការិយាល័យអន្តោប្រវេសន៍មួយគត់ដែលសុខចិត្តបើកទ្វារទាំងប្រថុយប្រថានដើម្បីវាយត្រានៅលើលិខិតស្នាមផ្សេងៗឲ្យជនស៊ីវិលអាចឆ្លងដែនចូលទឹកដីថៃ៕

 

 

 

 

អត្ថបទ៖ អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024