ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិក២ដែលលក់អាវុធឱ្យតៃវ៉ាន់

 

 

ប្រទេសចិន បានចេញការហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់២រូបរបស់ក្រុមហ៊ុនផលិតបរិក្ខារលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកមិនឱ្យចូលប្រទេសចិន និងបានបង្កកទ្រព្យសម្បត្តិរបស់ពួកគេជាការឆ្លើយតបទៅនឹងការដែលពួកគេបានលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ យោងក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍(១១មេសា)។ 

 

ចំណាត់ការនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃព្រហស្បតិ៍ ប្រឆាំងទៅនិងក្រុមហ៊ុន  General Atomics Aeronautical Systems ដែលផលិតបរិក្ខារយោធាប្រើប្រាស់ក្នុងអាកាសគ្មានមនុស្សបើក និងក្រុមហ៊ុនផលិតរថយន្តយោធា General Dynamics Land Systems ។ 

 

ប្រទេសចិន បាននិយាយថា ការលក់អាវុធជាការជ្រៀតជ្រែកខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ 

 

ប្រទេសចិនបន្តថា «ការបន្តលក់អាវុធឥតឈប់ឈររបស់អាមេរិកទៅឱ្យដែនកោះតៃវ៉ាន់របស់ប្រទេសចិន គឺជាការល្មើសធ្ងន់ធ្ងរលើគោលនយោបាយចិនតែមួយនិងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំង៣របស់សហរដ្ឋអាមេរិក និងប្រទេសចិន»។

 

ប្រទេសចិន ឱ្យដឹងថា បានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន និងបានហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់២រូបរបស់ក្រុមហ៊ុនមិនឱ្យចូលប្រទេសចិន។

 

ក្រុមហ៊ុនទាំង២នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះសំណើរសុំឱ្យធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024