ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ដំណើរទស្សនកិច្ចកម្ពុជាលើកដំបូង Miss Universe 2023 ចូលរួមផ្សព្វផ្សាយទាំងវប្បធម៌ និងការងារសប្បុរធម៌

១១ មេសា ២០២៤ | កម្សាន្ដ

 

 

ពិតជាពិសេសអស្ចារ្យខ្លាំងណាស់ សម្រាប់ដំណើរទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា លើកដំបូងរបស់ Miss Universe 2023 Sheynnis Palacios និងថ្នាក់ដឹកនាំអន្តរជាតិ ដោយបានចូលរួមផ្សព្វផ្សាយទាំងវប្បធម៌ និងការងារសប្បុរធម៌ និងអបអរការប្រកាសតែងតាំង លោក ឆយ ជាអ្នកគ្រប់គ្រងថ្មីនៅកម្ពុជាផងដែរ។

 


 
ដំណើរទស្សនកិច្ចលើកដំបូងរបស់ Miss Universe 2023 Sheynnis Palacios មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយបទពិសោធន៍ និងអនុស្សាវីរយ៍ល្អៗច្រើនរាប់អស់ ដោយបវរកញ្ញារូបស្រស់នេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរប៉ុណ្ណោះទេ នាងថែមទាំងបានចូលរួមធ្វើការងារសប្បុរសធម៌ផ្សេងៗថែមទៀតផង ដែលនេះជាភាពចំណេញសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីខេត្តដ៏មានសក្កានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ ពិសេសការគ្រងឈុតអប្សរានៅមុខប្រាសាទអង្គរវត្ត និងការទស្សនកិច្ចតំបន់អេកូទេសចរណ៍ រួមទាំងការភ្លក់ម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់។

 


 
វត្តមាន Miss Universe 2023 និងថ្នាក់ដឹកនាំកម្មវិធី Miss Universe នៅទឹកដីកម្ពុជាអច្ឆរិយៈ ក៏ដើម្បីប្រកាសតែងតាំង លោក ឆយ ជាអ្នកគ្រប់គ្រងថ្មីនៅកម្ពុជា រួមទាំងការប្រកាសផ្តល់សិទ្ធិលើការផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២៤ និងការបញ្ចូនបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមប្រកួតតជាផ្លូវការក្នុងកម្មវិធីសម្រាប់ឆ្នាំ២០២៤នេះផងដែរ។

 


 
អ្វីកាន់តែពិសេស គ្រាន់តែឈានជើងដល់ទឹកដីកម្ពុជាភ្លាម កញ្ញា Sheynnis បានចំណាយពេលទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលនេះជាកាដូដ៏អស្ចារ្យសម្រាប់នាង ព្រោះវាធ្វើឱ្យនាងមានអារម្មណ៍ថា ប្រៀបបីដូចជាផ្ទះរបស់នាងដូច្នោះដែរ។ជាកិត្តិយសដ៏ធំធេង Miss Universe 2023 បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក្នុងដំណើរទស្សនកិច្ចមកកម្ពុជាជាលើកដំបូងយ៉ាងដូច្នេះថា៖
 


 
បន្ទាប់ពីបានឮការលើកឡើងខាងលើ លោក ឆយ ដែលជាអ្នកគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២៤ (Miss Universe Cambodia 2024) បានថ្លែងនូវអារម្មណ៍រំភើបពេលដឹងថា ម្ចាស់មកុដ Miss Universe 2023 និងថ្នាក់ដឹកនាំកម្មវិធីអន្តរជាតិពេញចិត្តនូវការរៀបចំទទួលស្វាគមន៍ និងរឹតតែរំភើបខ្លាំងដែលលោកមានឱកាសទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Universe Cambodia 2024។ លោកមានសេចក្តីសោមនស្សរីករាយ និងមោទនភាពជាខ្លាំងក្នុងការប្រកាសប្រាប់ប្រជាជនកម្ពុជា និងបណ្តាហ្វេនៗឱ្យដឹងពីថា ឆ្នាំនេះលោកនឹងចម្រាញ់យកបេក្ខភាពដ៏មានគុណភាពសម្រាប់បញ្ជូនទៅប្រកួត Miss Universe 2024 ដោយសង្ឃឹមថា បេក្ខភាពឆ្នាំនេះនឹងអាចជួយបើកទ្វារបើកប្រវត្តិសាស្ត្រឱ្យកម្ពុជាឈានចូលទៅវគ្គកំពូលណាមួយលើវេទិកា Miss Universe។
 


 
ក្នុងនោះផងដែរ អ្នកនាង ប្រាសាទ ដាវីន អ្នកជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់ម្ចាស់មកុដ Miss Universe 2023 បានបង្ហាញក្តីរំភើបដែល Sheynnis ស្ងើចសរសើរពីអត្តសញ្ញាណជាតិខ្មែរ និងពេញចិត្តដំណើរទស្សនិកច្ចមកកាន់កម្ពុជាលើកនេះ ថែមទាំងបង្ហើបថាចង់នាំក្រុមគ្រួសារមកលេងកម្ពុជាទៀតផង។ លើសពីនេះ អ្នកនាងក៏រៀបរាប់ឱ្យដឹងពីការចុះមកសាកសួរសុខទុកទារកដែលមានបញ្ហាមាត់ឆែមពីកំណើតកំពុងសម្រាក និងរងចាំការវះកាត់ពីអង្គការ Smile Cambodia  នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបផងដែរ។
 
 
តាមរយៈការចែករំលែកបទពិសោធន៍ផ្សេងៗពី Miss Universe 2023 Sheynnis Palacios និងថ្នាក់ដឹកនាំអន្តរជាតិ លោក ឆយ អ្នកគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២៤ និង អ្នកនាង ប្រាសាទ ដាវីន សង្ឃឹមថា កម្ពុជាយើងនឹងអាចបើកទ្វារប្រវត្តិសាស្រ្តចូលក្នុងវគ្គ Top ណាមួយបាន ព្រោះគ្រប់គ្នាមើលឃើញពីសក្កានុពល និងភាពអស្ចារ្យរបស់កម្ពុជា រួមទាំងសម្បិត្តវប្បធម៌ដ៏ផូរផង់សម្រាប់បង្ហាញទៅកាន់ពិភពលោកទាំងមូល៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024