ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រដែលមនុស្សវះកាត់ដាក់តម្រងនោមជ្រូកដោយជោគជ័យ

ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកអាចវះកាត់ដូរតម្រងនោមរបស់បុរសវ័យ៦២ឆ្នាំ និងដាក់តម្រងនោមជ្រូកដោយជោគជ័យ។ គាត់ជាមនុស្សទី១នៅក្នុងលោកនេះដែលដូរតម្រងនោមជ្រូក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យរដ្ឋម៉ាស្សាឈូសេត(Massachusetts)។ ការដូរតម្រងនោមធ្វើឡើងកាលពីថ្ងៃទី១៦ខែមីនាដោយចំណាយពេល៤ម៉ោង។

 

 

 

 

អ្នកជំងឺដែលវះកាត់ដូរតម្រងនោមជ្រូកនោះឈ្មោះរីឆាដ.ស្លេមេន (Richard Slayman)។ ចាប់តាំងពីវះកាត់រួច គាត់មានសុខភាពល្អជាធម្មតា ហើយចាប់ផ្ដើមសះមុខរបួសជាបណ្ដើរៗ។ នេះជាជម្រើសចុងក្រោយរបស់គាត់ដែលត្រូវតែបង្ខំចិត្តដូរតម្រងនោមជ្រូកដើម្បីរស់បន្ទាប់ពីគាត់ប្រើប្រាស់វិធីលាងឈាមរយៈពេល៧ឆ្នាំ។ គាត់ដូរតម្រងនោមរបស់មនុស្សកាលពីឆ្នាំ២០១៨បានរយៈពេល៥ឆ្នាំ។ តម្រងនោះក៏ខូច។ គាត់ក៏វិលទៅប្រើប្រាស់វិធីលាងឈាមដូចកាលពីមុនទៀត។

 

សូមជម្រាបថាតម្រងនោមជ្រូកនេះជារបស់ក្រុមហ៊ុនឯកជនដែលវះកាត់ចេញពីសត្វជ្រូកចិញ្ចឹមតាមបច្ចេកវិទ្យាទំនើប។ មុននឹងដាក់ចូលទៅក្នុងខ្លួនអ្នកជំងឺរូបនោះ គេបានកែសម្រួលកោសិកាបន្តពូជដើម្បីកុំឲ្យមានប្រតិកម្មចំពោះមនុស្ស និងបានកម្ចាត់មេរោគដែលអាចបង្កបញ្ហាសម្រាប់មនុស្ស។

 

 

 

 

គេគិតថាការវះកាត់គ្រឿងក្នុងរបស់សត្វដាក់ចូលទៅក្នុងសរីរៈរាងកាយរបស់មនុស្សបែបនេះជាក្ដីសង្ឃឹមថ្មីមួយទៀតសម្រាប់អ្នកជំងឺដែលត្រូវការដូរគ្រឿងជាបន្ទាន់។ សព្វថ្ងៃនេះមនុស្សមិនតិចលាននាក់ទេនៅទូទាំងពិភពលោកដែលត្រូវការដូរគ្រឿងក្នុង។ ជាពិសេស តម្រងនោមជាសរីរៈរាងកាយដែលមនុស្សត្រូវការផ្លាស់ប្ដូរច្រើនជាងគេ។ ថាតើការយកគ្រឿងក្នុងរបស់សត្វដាក់ចូលទៅក្នុងខ្លួនមនុស្សបែបនេះអាចនឹងមានជោគជ័យកម្រិតណាគឺគ្មានរណាអាចទស្សន៍ទាយដឹងឡើយ។

 

កាលពីខែមករា ឆ្នាំ២០២២ គ្រូពេទ្យនៅសាកលវិទ្យាល័យម៉ារីលែន (Maryland) សហរដ្ឋអាមេរិកដដែលធ្លាប់ដូរបេះដូងជ្រូកដាក់ចូលទៅក្នុងខ្លួនរបស់មនុស្ស។ កាលនោះ ដូរបេះដូងបាន២ខែក៏ស្លាប់បាត់ទៅ៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024