ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ រយៈពេល ៣ថ្ងៃ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់

២៦ មីនា ២០២៤ | ព័ត៌មានជាតិ



ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលកំពុងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ២៥ និងថ្ងៃទី២៦ ខែមីនានេះ ដែលមានស្តង់តាំងបង្ហាញផលិតផលស្នាដៃខ្មែរជាង ២០០ស្តង់ និងរំពឹងថា រយៈពេល ៣ថ្ងៃនេះ នឹងមានអ្នកចូលរួមក្នុងទិវាជាតិ លើកទី២នេះ ប្រមាណ ៣ម៉ឺននាក់ផងដែរ។ 

 


ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលបាននិងកំពុងប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ២៥ និង២៦ ខែមីនា ឆ្នាំ ២០២៤ ត្រូវបានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជឿជាក់ថា នឹងមានអ្នកចូលរួមទស្សនាប្រមាណ ៣ម៉ឺននាក់។ នៅក្នុងទិវាជាតិនេះ មានការរៀបចំស្តង់ពិព័រណ៌ជាច្រើន ដែលមានក្រុមហ៊ុនក្នុងស្រុកចូលរួមអ្នកបង្ហាញនូវផលិតផលជាស្នាដៃកូនខ្មែរសរុប២៣៧ស្តង់ មកពី១៣២ក្រុមហ៊ុន មានផ្នែកបច្ចេកវិទ្យា ស្តង់ម្ហូបអាហារនិងភេសជ្ជៈ និងវិស័យធនាគារ ជាដើម។    

 

 

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃទិវាជាតិលើកទី២ កាលពីថ្ងៃទី ២៤ ខែមីនាម្សិលមិញនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការរៀបចំតាំងពិព័រណ៍បច្ចេកវិទ្យានេះ នឹងចូលរួមចំណែកបង្ហាញពីភាពរីកលូតលាស់របស់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលបានរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋរាប់លាននាក់ ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។  

 


ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលបីថ្ងៃនេះ ក៏មានគោលបំណងសំខាន់ធំៗចំនួន៤ផងដែរ ដែលក្នុងនោះរួមមាន៖ ទី១. បណ្តុះស្មារតីស្រឡាញ់ និងការឈ្វេងយល់អំពីវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់ ២. ជំរុញកិច្ចសហប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៣. បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និង៤. បញ្ជ្រាបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។

 

 

បើតាមការឱ្យដឹងពីឯកឧត្តមដដែល កម្ពុជាគឺកំពុងយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែមទៀត។ ឯកឧត្តមថា វិស័យមួយនេះ ជាវិស័យដ៏ចាំបាច់មួយដែលបម្រើនិងគាំទ្រឱ្យគ្រប់វិស័យ ក្នុងក្របខណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រោះការងារទាំងឡាយ មានចរិតជាអន្តរវិស័យនិងប្រទាក់ក្រឡាគ្នាទៅវិញទៅមក៕


 

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា  

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024