ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អ្នកនិពន្ធ លួចបង្ហើបពីភាពកាន់តែប្លែកនៃរឿង”អ្នកម៉ាក់វ័យក្មេង” វគ្គ២ 

២៧ កក្កដា ២០២០ | កម្សាន្ដ

ស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន កាលពីពេលថ្មីៗទើបក្រុងពាលីចេញថតភាពយន្តភាគ «អ្នកម៉ាក់វ័យក្មេង» វគ្គ២ បន្ទាប់ពីផ្ទុះការគាំទ្រកាលពីវគ្គ១។ 


តាមការឲ្យដឹងពីលោកស្រី សំ ស៊ីណា អ្នកនិពន្ធរឿង «អ្នកម៉ាក់វ័យក្មេង» ទាំងវគ្គ១ និងវគ្គ២ ភាពយន្តភាគនេះសុទ្ធសឹងបង្កប់ដោយអត្ថន័យអប់រំខុសៗគ្នា ជាក់ស្តែងក្នុងវគ្គ១ «អ្នកម៉ាក់វ័យក្មេង» បានស្តែងឲ្យឃើញពីបញ្ហាចាក់ស្តេ្រសរបស់គ្រួសារមួយដែលបុរសជាឪពុកមិនសូវខ្វាយខ្វល់ប្រពន្ធកូន រហូតធ្វើឲ្យបាត់បង់មនុស្សជាទីស្រលាញ់ទៅម្តងម្នាក់ៗ ចំណែកកូនស្រីក៏ត្រូវជួបបញ្ហាផ្លូវចិត្តទាំងវ័យក្មេង។ 

 


ដោយឡែកសម្រាប់ វគ្គ២ ដែលជាភាគបន្ត ក៏មិនខុសពីវគ្គ១ប៉ុន្មានឡើយតែសាច់រឿងកាន់តែពិសេសជាងមុខទៅទៀត ដោយអ្នកនិពន្ធបានច្របាច់បញ្ចូលថែមនូវរសជាតិជីវិតកាន់តែច្រើនពីតថភាពសង្គម ធ្វើឲ្យរឿងនេះកាន់តែទាក់ចិត្តអ្នកទស្សនា។


ងាកទៅចាប់អារម្មណ៍ពីតួឯកប្រុសស្រីក្នុងភាពយន្តភាគនេះ គឺលោក នូ ឧសភា និងក្រមុំរូបស្រស់ ឈិន មុន្នីនាថ ឯណោះវិញ ទាំងពីរនាក់ពិតជារំភើបដែលភាពយន្តភាគនេះផលិតវគ្គ២បន្តទៀតក្រោយជោគជ័យខ្លាំងលើវគ្គ១។ 

 


លោក ឧសភា តួអង្គលោក រនៈ បានឲ្យដឹងថា វគ្គថ្មីនេះគឺកាន់តែពិសេសជាងមុន តាមលោកដឹង គឺខ្សែជីវិតរបស់លោក រនៈ ដែលសម្តែងដោយលោកផ្ទាល់នឹងជួបឧបសគ្គជីវិតច្រើនជាងវគ្គ១ខណៈជីវិតគូរទើបចាប់ផ្តើមរលូនបានបន្តិច។ 


រីឯ អ្នកម៉ាក់វ័យក្មេង លីតា វិញ ក៏ឲ្យដឹងដែរថា ភាគថ្មីនេះ មានការបន្ថែមតួអង្គថ្មីៗច្រើនជាងវគ្គ១ មានទាំងតួល្អ តួអាក្រក់ មកច្របល់បញ្ចូលគ្នាធ្វើឲ្យវគ្គថ្មីនេះ កាន់តែមានរសជាតិជាងមុនទៅទៀត លើសពីនេះ កញ្ញាផ្ទាល់ក៏ត្រៀមទឹកភ្នែករួចរាល់សម្រាប់ស្រក់ក្នុងវគ្គថ្មីនេះ ព្រោះតាមការបង្ហើបវគ្គនេះនឹងជូរចត់ជាងវគ្គ១ទៅទៀត។

 


«អ្នកម៉ាក់វ័យក្មេង» វគ្គ២ មានការរួមសម្តែងដោយ លោក នូ ឧសភាព កញ្ញា ឈិន មុន្នីនាថ កុមារី ម៉ានីកា លោក អុំ សុវណ្ណគិរី កញ្ញា ស៊ុយ បូណាវីន កញ្ញា ពេជ្រ ចរណៃ លោក ណារ៉ាឌី លោក សុភ័ក្រ កញ្ញា កញ្ញា លោក ស៊ីនី អ្នកស្រី សក្ខណា អ្នកស្រី រ៉េត រ៉ូស អ្នកស្រី ឡាញ់ សូនី អ្នកស្រី វ៉ាន់ ថង លោក វុធ ថាណាក់  រួមទាំងតារាសម្តែងជាច្រើនដួងទៀត។ 

អត្ថបទ៖ រ៉ាត់ ចាន់


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024