ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

អំពូលភ្លើង ក្នុងរាជធានីភ្នំពេញ ប្តូរបានជាង ១ម៉ឺន៤ពាន់គ្រាប់ហើយ

២៨ សីហា ២០១៧ | សេដ្ឋកិច្ច

 

២ឆ្នាំចុងក្រោយនេះ គម្រោងការផ្លាស់ប្តូរអំពូលភ្លើងដែលមានស្រាប់ នៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និង សំណង់ សម្រេចលទ្ធផលប្តូរអំពូលភ្លើងបានជាង ១ម៉ឺន៤ពាន់គ្រាប់ហើយ។ គម្រោងប្តូរអំពូលភ្លើងនេះ ត្រូវបានធ្វើឡើង កាលពីខែកក្កដា ឆ្នាំ ២០១៦ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និងសំណង់។

 

 

ការកែប្រែហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អំពូលភ្លើងនេះ គឺធ្វើឡើងក្នុងគោលបំណងមួយផ្នែកធំ ដើម្បីជួយសន្សំសំចៃថាមពលអគ្គីសនី និងជួយលើកសម្រស់រាជធានីភ្នំពេញ ក៏ដូចជាជួយ អភិវឌ្ឍន៍ សង្គមផងដែរ។ លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក ក្រុមហ៊ុន ភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និងសំណង់ បានប្រាប់ភីអិនអិនថា គិតមកដល់ពេលនេះ ក្រុមហ៊ុនភ្នំពេញ អភិវឌ្ឍន៍ វិស្វកម្ម និងសំណង់ បានធ្វើការជួសជុល ដោះដូរបង្គោលភ្លើង និងបំពាក់អំពូលប្រភេទ LED នៅតាមមហាវិថីធំៗ ក្នុងរាជធានី និង តាមដងវិថីថ្មីជាច្រើនទៀត។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុនលោកឧកញ៉ា ក៏បានរៀបចំតុបតែងអំពូលអគ្គិសនី នៅទីតំាងសំខាន់ៗ ដូចជា វិមានឯករាជ្យ វត្តភ្នំ សួនច្បារសម្តេចហ៊ុន សែន រូបសំណាកសម្តេចសង្ឈជូន ណាត ទីតម្កល់ព្រះបរមរូប ព្រះបរមរតនកោដ ព្រះបាទសម្តេចនរោត្តម សីហនុ និង កន្លែងផ្សេងទៀត។

 


លោកឧកញ៉ា ហ៊ុន ឡាក់ គម្រោងការផ្លាស់ប្តូរអំពូលនេះ នឹងជួយសន្សំសំចៃថាមពលអគ្គីសនី បានរហូតដល់ ៤៥ ទៅ៥០ភាគរយ។ ចំណែកសេវាសាធារណៈ នឹងកាន់តែល្អជាងមុន។ លោកឧកញ៉ា បន្តថា នេះគឺជាការចូលរួមចំណែក ក្នុងស្តារ និង អភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យមានការជឿនលឿន ដូចបណ្តាប្រទេសក្នុងតំបន់។

 

សូមជម្រាបផងដែរថា ការផ្តល់សិទ្ធិប្រតិបត្តិការគម្រោងនេះគឺក្រុមហ៊ុនភ្នំពេញអភិវឌ្ឍន៍ វិស្វកម្ម និងសំណង់ ត្រូវចំនាយទុនវិនិយោគរយៈពេលវែងប្រមាណ ២០លានដុល្លារ ហើយក្រុមហ៊ុននេះ មានសិទ្ធិអនុវត្តគម្រោងនេះរយៈពេល ២០ ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០៣៦៕

 

ប្រភព៖ PNN News

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024