ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

សួនទឹកកម្សាន្ត Garden City Water Park តម្លៃ ៥៥លានដុល្លារ នឹងបើកដំណើរការសាកល្បងឆាប់ៗនេះហើយ!

២២ មិថុនា ២០២០ | ព័ត៌មានជាតិ

សួនទឹក Garden City Water Park ជាសួនទឹកកម្សាន្ដ ធំជាងគេ នៅអាស៊ាន ដែលវិនិយោគប្រមាណ ៥៥លានដុល្លារអាមេរិក បានសាងសង់ នៅតំបន់ភាគខាងជើង រាជធានីភ្នំពេញ។ នេះជាផលិតផលទេសចរណ៍ថ្មី និងទំនើប ពេញនិយម ដែលមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុកប៉ុណ្ណោះទេ តែក៏ទាក់ទាញទេសចរបរទេស កាន់តែច្រើនថែមទៀត។ 

 


ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន L.Y.P គ្រុប ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំល្បីល្បាញនៅក្នុងប្រទេសកម្ពុជា បានអញ្ជើញចុះពិនិត្យ សួនទឹក Garden City Water Park មុននឹងដាក់ឲ្យដំណើរការសាកល្បង នាពេលឆាប់ៗនេះ។

 


សួនទឹក Garden City Water Park  សាងសង់លើផ្ទៃដីជិត ៧ហិកតា លស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី Garden City របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចម្ងាយប្រមាណជាង ១៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

 


សួនទឹកដ៏ធំបំផុត នៅកម្ពុជា និងតំបន់អាស៊ាន Garden City Water Park មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់ ៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេង ទោងរំអិលដ៏ធំបំផុត និងមានស្ទីមកម្តៅ ទឹកត្រជាក់ សម្រាប់ភ្ញៀវទេសចរ ព្រមទាំងកន្លែងសំខាន់ៗផ្សេងទៀត។

 


សួនទឹក Garden City Water Park ក៏ស្ថិតនៅក្បែរគ្នានឹងសួនសត្វ ភ្នំពេញ សាហ្វារី ដែលបានបើកបម្រើភ្ញៀវជាតិ និងអន្តរជាតិ យូរឆ្នាំណាស់មកហើយ៕ 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024