ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរបណ្ដោះអាសន្ន ក្នុងអំឡុងពេល​បើកដំណើរការសាកល្បងនូវសួនទឹក Garden City Water Park

១២ សីហា ២០២០ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរ ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេល បើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វិតធើ ផាក។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វ៉តធើ ផាក ស្ថិតនៅមហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ នឹងដាក់ឲ្យបើកដំណើរការសាកល្បងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩៖៣០នាទី ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

 

 

ក្នុងអំឡុងពេលបើកដំណើរការសាកល្បងនូវសួនទឹកកម្សាន្ត ហ្គាដិន ស៊ីធី វិតធើ ផាកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ពេញមួយថ្ងៃ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង០៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ដើម្បីឲ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ ។

 


រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមការយោគយល់ពីប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តខាងលើ ជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ ដោយផុតរយៈពេលហាមឃាត់ បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទ៖ សន រដ្ឋា រូបភាព៖ឯកសារ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024