ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សាច់ក្រពើកំពុងពេញនិយមនៅប្រទេសថៃក្រោយសាច់ជ្រូកឡើងថ្លៃ

តម្រូវការសាច់ក្រពើ បានកើនឡើងនៅក្នុងប្រទេសថៃ បន្ទាប់ពីតម្លៃសាច់ជ្រូកបានហក់ឡើងថ្លៃខ្ពស់ក្រោយមានបញ្ហាកង្វះការផ្គត់ផ្គង់។

 

សាច់ជ្រូកនៅក្នុងប្រទេសថៃឡើងថ្លៃខ្ពស់ ដោយសារនៅទូទាំងប្រទេសថៃមានបញ្ហាសត្វជ្រូកកើតជំងឺផ្តាសាយអាហ្វ្រិក។ បញ្ហាកង្វះសាច់ជ្រូក ត្រូវបានព្យាករណ៍ថា នឹងបន្តកើតមានជាច្រើនខែបន្តទៀត។

 

 

 

 

សម្រាប់កសិដ្ឋានរបស់លោក Rungtaweechai ភាគច្រើន លោក បានលក់ស្បែកក្រពើទៅអោយឧស្សាហកម្មម៉ូត ហើយសាច់ក្រពើបានលក់ទៅអោយបណ្តាភោជនីយដ្ឋានយកទៅចំអិនជាអាហារ។ អ្វីដែលគួរអោយកត់សម្គាល់នៅរយៈចុងក្រោយ ការលក់សាច់ក្រពើមានប្រជាប្រិយភាពខ្លាំង ដែលអាចលក់បានដល់ទៅច្រើនជាង១០០គីឡូក្រាមក្នុងមួយថ្ងៃ ដែលសព្វមួយដងលក់បានតែ ២០គីឡូក្រាមក្នុងមួយសប្តាហ៍។

 

បើប្រៀបធៀបពីតម្លៃ ឃើញថា សាច់ជ្រូកនៅប្រទេសថៃនាពេលឥឡូវមានតម្លៃប្រហែល២០០បាតក្នុងមួយគីឡូក្រាម រីឯសាច់ក្រពើក្នុងមួយគីឡូក្រាម មានតម្លៃប្រហែល៦៧បាត។ ដើម្បីបន្ធូរបន្ថយសម្ពាធលើតម្លៃសាច់ជ្រូក ប្រទេសថៃ បានបិទការនាំចេញជ្រូកនៅថ្ងៃ៦មករា រយៈពេល៣ខែ។

 

 

 

 

ម្ចាស់កសិដ្ឋានក្រពើ Rungtaweechai  បានបន្តអោយដឹងថា អតិថិជនទិញសាច់ក្រពើមកពីជុំវិញប្រទេស។ ដើមឡើយលោកមិនដឹងត្រូវដោះស្រាយចំពោះតម្រូវការខ្ពស់បែបនេះតាមវិធីណាឡើយ។ ទាំងម្ចាស់ភោជនីដ្ឋាន ទាំងអ្នកលក់សាច់ជាអាហារ តែងចង់បានបរិមាណសាច់ក្រពើក្នុងចំនួនដ៏ច្រើន។ ចំណែកពលរដ្ឋទូទៅគ្រាន់តែត្រូវការសាច់ក្រពើសម្រាប់ចំអិនជាអាហារប្រចាំថ្ងៃប៉ុណ្ណោះ។

 

ចំណែកលោកស្រី Utaiporn ភរិយាម្ចាស់កសិដ្ឋានរូបនេះ បានលើកឡើងថា លោកស្រីបានចាប់ផ្តើមចំអិនសាច់ក្រពើលក់ នៅភោជនីយដ្ឋានលោកស្រី មានទីតាំងនៅក្បែរកសិដ្ឋានចិញ្ចឹមក្រពើ។ លោកស្រីដាស់តឿនថា ការចំអិនសាច់ក្រពើចាំបាច់ត្រូវមានរូបមន្តពិសេស បើមិនដូច្នោះទេ រសជាតិអាហារមិនល្អឡើយ។

 

 

 

 

 

នៅពេលសាច់ជ្រូកឡើងថ្លៃដូច្នេះ លោកវេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai (សុវណ្ណាឆ័យ វាត់ថាណាយីងឆារឿនឆ័យ) ប្រធានមន្ទីរសុខាភិបាល បានអោយដឹងថា សាច់ក្រពើអាចជាប្រភពល្អសម្រាប់ប្រូតេអ៊ីន ប៉ុន្តែបានព្រមានពលរដ្ឋថៃថា ការបរិភោគសាច់ឆៅ ឬចំអិនមិនឆ្អិនល្អ នឹងនាំមកនូវគ្រោះថ្នាក់។

 

ក្រសួងនេសាទប្រទេសថៃអោយដឹងថា ពលរដ្ឋ១១៥០នាក់នៅក្នុងប្រទេសថៃ មានកសិដ្ឋានចិញ្ចឹមសត្វក្រពើ ឬជាប់ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មសត្វក្រពើ។ សត្វក្រពើប្រហែល១លាន២សែនក្បាល ត្រូវបានចិញ្ចឹមជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ ក្នុងនោះ៦០ភាគរយ នាំចេញសាច់ទៅប្រទេសចិន។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024