ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Nick Jonas និង Priyanka Chopra ស្វាគមន៍កំណើតកូនដំបូងតាមរយៈការពពោះជំនួស

២៤ មករា ២០២២ | កម្សាន្ដ

 

តារាសម្ដែងឥណ្ឌា និងជាអតីតម្ចាស់ពានបវរកញ្ញាចក្រវាល Priyanka Chopra ជាមួយស្វាមីគឺតារាចម្រៀងអាមេរិក Nick Jonas បានស្វាគមន៍កូនដំបូង ក្រោយពីបានរៀបការអស់រយៈពេលជិត៤ឆ្នាំ។

 


តារាសម្ដែងឥណ្ឌា Priyanka Chopra (ព្រីយ៉ានកា ឆូប្រ៉ា) និងតារាចម្រៀងអាមេរិក Nick Jonas (នីក ចូណាស) ដែលជាគូស្វាមីភរិយាដ៏ល្បីឈ្មោះទាំងក្នុងពិភពហូលីវូដ និងបូលីវូដបានប្រកាសដំណឹងពីការចាប់កំណើតកូនដំបូងរបស់ខ្លួន តាមវិធីសាស្ត្រឲ្យអ្នកដទៃពពោះជំនួស។

 

 

ឪពុកម្ដាយថ្មីថ្មោងមួយគូនេះបានប្រាប់ដំណឹងរីករាយខាងលើតាមរយៈការបង្ហោះសារក្នុងបណ្ដាញសង្គម ហើយបានស្នើសុំឲ្យមហាជនគោរពដល់សិទ្ធិឯកជនរបស់ពួកគេ ក្នុងអំឡុងពេលដ៏ពិសេសនេះ ដោយសារពួកគេត្រូវយកចិត្តទុកដាក់នឹងគ្រួសាររបស់ខ្លួន។

 


សូមរំលឹកថា តារាប្រុសវ័យ ២៩ឆ្នាំ និងតារាស្រីវ័យ ៣៩ឆ្នាំមួយគូនេះបានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ២០១៨ ដែលបានរៀបចំឡើងរយៈពេល៣ថ្ងៃទៅតាមប្រពៃណីឥណ្ឌា។ Priyanka Chopra (ព្រីយ៉ានកា ឆូប្រ៉ា) ជាអតីតម្ចាស់ពានបវរកញ្ញាចក្រវាលលំដាប់ពិភពលោក និងធ្លាប់បានសម្ដែងក្នុងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ ABC (អេប៊ីស៊ី) ចំនួនបីរដូវកាល ហើយបានក្លាយជាសិល្បករឥណ្ឌាដំបូងគេបានលេចមុខក្នុងរឿងភាគទូរទស្សន៍អាមេរិក។ នៅប្រទេសឥណ្ឌានាងក៏ជាសិល្បករស៊ីថ្លៃខ្លួនខ្ពស់ជាងគេប្រចាំពិភពហូលីវូដផងដែរ។

 

 

ដោយឡែក Nick Jonas (នីក ចូណាស) គឺជាសមាជិកម្នាក់ប្រចាំក្រុមចម្រៀង Jonas Brothers (ចូណាស់ ប្រាដើ) ជាក្រុមមួយដ៏ល្បីរន្ទឺកាលពីឆ្នាំ២០០៥ ហើយក៏ជាសមាជិកម្នាក់នៃក្រុមតារារបស់ Disney (ឌីសនី) ផងដែរ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024