ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤

វៀតណាម រំពឹងនាំចេញត្រីប្រា ១,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២

១៧ មករា ២០២២ | សេដ្ឋកិច្ច


អគ្គលេខាធិការសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម លោក ឌិញ ហៅ បាននិយាយថា ទីផ្សារនាំចេញត្រីប្រា កំពុងប្រសើរឡើងជាបណ្តើរៗ ហើយត្រូវបានគេរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំនេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនរបស់ក្រុមហ៊ុន និងយន្តការគាំទ្ររបស់រដ្ឋ។


នៅឆ្នាំ ២០២១ ផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ១៩ នៅត្រីមាសទី ៣ របស់វៀតណាម បានបង្កការលំបាកជាច្រើនសម្រាប់ការផលិត និងការនាំចេញត្រីប្រា។
លោក ហៅ បានបន្តថា ប្រទេសចិន ទំនងនៅតែជា ទីផ្សារនាំចូលដ៏ធំបំផុត សម្រាប់ត្រីប្រាវៀតណាមនៅឆ្នាំ ២០២២ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទៅកាន់ទីផ្សារចិន នឹងបន្តរងផលប៉ះពាល់ដោយ បញ្ហាមេរោគកូវីដ១៩ ដោយសារប្រទេសចិន នៅតែរឹតបន្តឹងការគ្រប់គ្រងទំនិញនាំចូល។


សម្រាប់ទីផ្សារសហភាពអឺរ៉ុប វានឹងពិបាកក្នុងការមានកំណើនភ្លាមៗនៅឆ្នាំ ២០២២ ព្រោះវានៅតែរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។តម្លៃត្រីប្រា ខ្ពស់ដោយសារការកើនឡើងនៃថ្លៃដឹកជញ្ជូន នឹងប៉ះពាល់ដល់ការនាំចេញទៅកាន់ទីផ្សារផងដែរ។ទីផ្សារអាមេរិក ក៏ត្រូវបានគេព្យាករណ៍ថា នឹងមានស្ថិរភាពនៅឆ្នាំ ២០២២ ហើយទំនងជាមិនមានកំណើនភ្លាមៗដូចនៅឆ្នាំ ២០២១ នោះទេ។ 


ការព្យាករណ៍នេះ គឺផ្អែកលើលទ្ធផលនៃការនាំចេញត្រីប្រា ក្នុងឆ្នាំ ២០២១ ជាមួយនឹងអត្រាកំណើនពីរខ្ទង់ចន្លោះពី ៤៤% ទៅ ៨៤% សម្រាប់ទីផ្សារទាំងនោះ។ទោះយ៉ាងណា ការនាំចេញត្រីប្រា ត្រូវបានគេព្យាករថា នឹងជួបការលំបាកជាច្រើននៅឆ្នាំនេះ ក្នុងនោះតម្លៃចំណី និងកូនត្រីនៅមានតម្លៃខ្ពស់ ដែលនាំឱ្យតម្លៃនៃការចិញ្ចឹមត្រីប្រា កើនឡើងគួរឱ្យកត់សម្គាល់។


ការលំបាកផ្សេងទៀត មកពីកត្តាទីផ្សារ ថ្លៃដឹកជញ្ជូន និងវិធានការលើការគ្រប់គ្រងកូវីដ១៩ ជាក់ស្តែង ការកើនឡើងនៃការដឹកជញ្ជូនទំនិញ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើការនាំចេញផលិតផលអាហារសមុទ្រសំខាន់ៗ រួមទាំងផលិតផលត្រីប្រាផងដែរ។


លើសពីនេះ ប្រទេសចិន កំពុងបើកទ្វារសម្រាប់ការនាំចេញត្រីរបស់កម្ពុជា ដែលជាផ្នែកមួយនឹងប៉ះពាល់ដល់ ការនាំចេញត្រីប្រារបស់វៀតណាម ទៅកាន់ទីផ្សារ។
នៅត្រីមាសទី ៣ និងទី ៤ នៃឆ្នាំ ២០២១ សហរដ្ឋអាមេរិក ក៏បានបង្កើនការនាំចូលត្រីប្រា ពីប្រទេសវៀតណាមជិត ៥០% ដែលធ្វើឲ្យមានការថយចុះគួរឱ្យកត់សម្គាល់ នៅក្នុងទីផ្សារមួយចំនួនផ្សេងទៀត។

 


សូមជម្រាបថា ទោះបីជាមានការលំបាកជាច្រើន ដោយសារជំងឺកូវីដ១៩ ក៏ដោយ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម បាននិយាយថា ចំណូលពីការនាំចេញត្រីប្រា របស់វៀតណាម សម្រាប់ឆ្នាំ ២០២១ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១ពាន់ ៥រយលានដុល្លារអាមេរិក កើនឡើង ៣% ធៀបនឹងឆ្នាំ ២០២០៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024