ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ការដឹកជញ្ជូនទំនិញតាមផ្លូវដែករវាងចិន និងឡាវ កើនឡើង ៣៣% ក្នុងរយៈពេល៤ខែ

០៨ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

ការនាំចូល និងការនាំចេញទំនិញ ដឹកជញ្ជូនតាមផ្លូវដែកចិន និងឡាវ បានកើនឡើង ៣៣% ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២៤ ដោយតួលេខឈានដល់ ១លាន ៨សែនតោន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ បានចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូ ឆ្នាំ ២០២១។

 


តួនាទីរបស់ផ្លូវដែក ក្នុងការសម្របសម្រួលពាណិជ្ជកម្ម បន្តកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ  ដោយរចនាសម្ព័ន្ធនៃប្រព័ន្ធដឹកជញ្ជូន ត្រូវបានកែលម្អ ជាមួយនឹងផលិតផលបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀតរបស់ប្រទេសចិន ត្រូវបាននាំចេញទៅក្រៅប្រទេស។

 


ដោយឡែក ចិន មានការកើនឡើងនៃ ការនាំចូលផលិតផលកសិកម្ម អាហារ និងសារធាតុរ៉ែ បានជំរុញឱ្យមានការកើនឡើងនៃបរិមាណដឹកជញ្ជូន។អាជ្ញាធរគយក្នុងក្រុងគុនមីង បានបង្ហាញថា សេវាកម្មដឹកជញ្ជូនអន្តរជាតិ នៅលើផ្លូវដែកចិន-ឡាវ បានកើនឡើងជាមធ្យម ១២រថភ្លើងក្នុងមួយថ្ងៃ ដោយតួលេខនេះ កើនពី ២រថភ្លើង ក្នុងមួយថ្ងៃនៅពេលបើកដំណើរការដំបូង។

 


លើសពីនេះ សេវាដឹកអ្នកដំណើរអន្តរជាតិ នៅលើផ្លូវដែកចិន-ឡាវ បានធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ព្រំដែន មានភាពប្រសើរឡើងយ៉ាងខ្លាំង ដោយសារការដឹកជញ្ជូនដ៏លឿន និងសម្រួលដំណើរការឯកសារគយ។សូមរម្លឹកថា ផ្លូវដែកចិន-ឡាវ ដែលជាគម្រោងដ៏សំខាន់ ដោយ ឆ្លងកាត់ព្រំដែនប្រវែង ១,០៣៥គីឡូម៉ែត្រ តភ្ជាប់ទីក្រុងគុនមីង ប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍របស់ឡាវ៕

 


 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024