ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា រំពឹងថា ចំណេញ ៨៨ លានដុល្លារក្នុងមួយឆ្នាំពីការដឹកជញ្ជូនតាមព្រែកជីកហ្វូណន-តេជោ

០៧ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

កម្ពុជា រំពឹងថា ចំណេញ ៨៨ លានដុល្លារក្នុងមួយឆ្នាំពីការដឹកជញ្ជូនតាមព្រែកជីកហ្វូណន-តេជោ ហើយនឹងអាចកើនឡើងដល់ ៥៧០លានដុល្លារ ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។ 

 

 

នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អំឡុងពេលធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឃកម្ពុជាក្នុងការអូសទាញវិនិយោគ និងអំពីផែនការរួមទាំងសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលអាណិត្តទី៧។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា យោងតាមមូលដ្ឋាននៃការគណនា EIRR គម្រោងនេះរំពឹងថា នឹងនាំអត្ថប្រយោជន៍ជាច្រើនមកកាន់សេដ្ឋកិច្ចកម្ពុជាដូចជា អត្រានៃការផ្ដល់ការងារធ្វើជូនពលរដ្ឋ, ផលចំណូលថវិកាជាតិពីពន្ធដារ, និងចំណូលបានពីវិស័យនគរូបនីយកម្ម សំណង់ និងអចលនទ្រព្យ។ 

 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា គម្រោងទាំងអស់ប្រសិនបើលទ្ធផលនៃការគណនា EIRR ទាបជាង ១២ភាគរយ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឬធនាគារពិភពលោក មិនឲ្យថវិការដើម្បីកសាងទេ លុះត្រា EIRR តិចបំផុតបាន ១២ភាគរយ ទើបគេឲ្យថវិការ។ ប៉ុន្តែសម្រាប់គម្រោងនេះ EIRR ឡើងរហូតដល់ទៅ ៣០ភាគរយ ដែលមិនធ្លាប់មានលើគម្រោងនានាពីមុនមក។ 

 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ផលប្រយោជន៍ផ្សេងទៀតរួមមាន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឃមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗ, ការពង្រីកតំបន់អភិវឌ្ឍសម្រាប់កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ និងជួយគាំទ្រប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។ 

 


គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់ សមុទ្រ  របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងចាយ ទុន ប្រមាណ ១,៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានប្រើរយៈពេលប្រមាណ ២៦ខែ ដើម្បីសិក្សា៕

 

 

អត្ថបទ៖ AKP រូបភាព៖ ក្រុមការងារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024