ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

វិបត្តិនៃមេរោគអូមីក្រុង អាចនឹងកាត់បន្ថយចំនួនក្រុមហ៊ុនចុះបញ្ជីនៅលើ ផ្សារមូលបត្រកម្ពុជា 

១៤ មករា ២០២២ | សេដ្ឋកិច្ច

 

ឯកឧត្តម ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ប្រាប់ភីអិនអិនថា ការមកដល់នៃមេរោគអូមីក្រុង អាចប៉ះពាល់ដល់ការចុះបញ្ជីក្រុមហ៊ុនថ្មី តែឯកឧត្តម ជឿជាក់ថា វិនិយោគិន អាចមានលទ្ធភាពចូលរួមជួញដូរបានសកម្ម ដូចធម្មតា ដោយមានផលិតផលថ្មីៗ និងដំណោះស្រាយថ្មីៗ ដើម្បីជម្រុញឲ្យពួកគាត់វិនិយោគពីចម្ងាយ កាន់តែងាយស្រួលជាងមុន។

 


ឯកឧត្តម ហុង សុខហួរ ក៏បានលើកឡើងពី សមិទ្ធផលធំៗ ដែលកើតមានក្នុងឆ្នាំ ២០២១កន្លងទៅ អំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩ ដែរថា ទីផ្សារមូលបត្រកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះ ចំនួនគណនីថ្មី មានជាង ៨ពាន់គណនី ទំហំជួញដូរប្រចាំថ្ងៃគឺ រង្វង់ ២៧ម៉ឺនដុល្លារអាមេរិកជាមធ្យមក្នុងមួយថ្ងៃ ដែលកាលពីឆ្នាំ ២០២០ មានជាង ១១ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃប៉ុណ្ណោះ ពោលគឺកើនឡើង ១៥០% ហើយវាបង្កើតជាក្តីរំពឹងមួយថា ផ្សារមូលបត្រកម្ពុជា នឹងអាចសម្រេចកំណើននេះ ជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០២២ ដើម្បីឈានទៅសម្រេចគោលដៅ ទំហំជួញដូរ ១លានដុល្លារអាមេរិក ជាមធ្យមក្នុងមួយថ្ងៃ នៅ ៤ឆ្នាំខាងមុខ។

 


លើសពីនេះ សម្រាប់ឆ្នាំ ២០២២នេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានផែនការបន្តស្វែងរក ក្រុមហ៊ុនល្អៗ មកចុះបញ្ជីបន្ថែម ទាំងក្រុមហ៊ុនធំៗ និង SMEs បន្តផ្សព្វផ្សាយដល់វិនិយោគិនជាបុគ្គល និងស្ថាប័ន ជាពិសេសទាក់ទាញវិនិយោគិនជាស្ថាប័ន ដែលនៅមានចំនួនតិចតួចនៅឡើយ។


ផ្សារមូលបត្រកម្ពុជា ក៏កំពុងសិក្សាជម្រុញផ្តល់លទ្ធភាពឲ្យ វិនិយោគិន អាចវិនិយោគភាគហ៊ុននៅបរទេសបាន ទៅតាមយន្តការ និងជាមួយទីផ្សារដែលមានកិច្ចសហការជាមួយផ្សារមូលបត្រកម្ពុជា ហើយបច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា កំពុងបន្តបំពេញការងារនេះជាមួយតួអង្គ និងអាជ្ញាធរពាក់ព័ន្ធ។


ម្យ៉ាងវិញទៀត នៅក្នុងឆ្នាំ ២០២២នេះ ក្រៅពីការលក់ភាគហ៊ុន និងសញ្ញាប័ណ្ណឯកជនដែលមានស្រាប់ ផ្សារមូលបត្រកម្ពុជា រំពឹងមានដាក់លក់នូវ មូលបត្ររដ្ឋ ដែលអាចទាក់ទាញវិនិយោគិនបន្ថែម ហើយនៅក្នុងរយៈពេល២ ៣ឆ្នាំចុងក្រោយនេះ ចំនួនវិនិយោគិនក្នុងស្រុក មានការកើនឡើងច្រើន និងកាន់តែសកម្មជាងមុន ដែលសបញ្ជាក់ថា ពួកគេស្គាល់ពីសក្តានុពលនៃវិស័យមូលបត្រកាន់តែច្រើន។


ទាក់ទិននឹងការបង្កើតផលិតផលនៅលើទីផ្សារមូលបត្រ ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ថា ម្ចាស់អាជីវកម្ម បានចាប់អារម្មណ៍វិស័យមូលបត្រកាន់តែច្រើន ហើយផ្សារមូលបត្រ រំពឹងនឹងទទួលបាន ក្រុមហ៊ុនថ្មីៗ ល្អៗ និងមានសក្តានុពល ដែលអាចមានកំណើនចុះបញ្ជីខ្ពស់ នាប៉ុន្មានឆ្នាំខាងមុខ តែលទ្ធផលយ៉ាងណា អាស្រ័យទៅលើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលអាចនឹងចូលរួមជម្រុញកំណើននេះ តាមរយៈការលើកទឹកចិត្តផ្នែកពន្ធ ឬមិនមែនពន្ធជាដើម។


គួររម្លឹកបន្តិចថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ វិស័យមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីត្រឹមតែ ២ប៉ុណ្ណោះ ទាបជាងការរំពឹងទុក ដោយសារតែឥទ្ធិពលនៃមេរោគកូវីដ១៩ ប្រភេទ ដែលតា បានបង្អាក់ដល់ឆន្ទៈបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនជាច្រើន តែយ៉ាងណាផ្សារមូលបត្រកម្ពុជា រំពឹងនឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី ៥ ទៅ ៦ក្រុមហ៊ុនបន្ថែមមកវិញ នៅក្នុងឆ្នាំ ២០២២នេះ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024