ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ  

២១ តុលា ២០២១ | ព័ត៌មានជាតិ

 

    
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃនេះថា មិនមានការអនុញ្ញាត ឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ។ សារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយ តាមបណ្ដាញសង្គម នៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេច កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះ បានធ្វើឡើងតាមរយៈការផ្សាយរបស់បណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២១ ខែតុលានេះ។ 

 

តាមការចុះផ្សាយដដែល នៅថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានជាច្រើននាក់ បានចែកចាយសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានរយៈពេលជិត ១នាទី នៅតាមបណ្ដាញសង្គម ដូចជា Facebook និង Telegram ពីការអនុញ្ញាត ឱ្យប្រជាពលរដ្ឋអាចរៀបចំអាពាហ៍ពិពាហ៍ឡើងវិញបាន ដែលធ្វើឱ្យមានការយល់ច្រឡំ ពីព្រោះសារសំឡេងនេះ គឺជាសារសំឡេងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

 

 

តាមការចុះផ្សាយ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រកាសបើកដំណើរការប្រទេសជាតិឡើងវិញទាំងមូលនោះឡើយ ពោលគឺគ្រាន់តែឱ្យអាជ្ញាធរតាមរាជធានី-ខេត្ត បើកដំណើរការលើសកម្មភាពសេដ្ឋកិច្ចមួយផ្នែក ពាក់ព័ន្ធនឹងអាជីវកម្មដែលមានហានិភ័យទាប នៃការចម្លងជំងឺកូវីដ១៩ ជាមួយនឹងការរឹតបន្ដឹងលើវិធានការសុខាភិបាល។

 

 

កាលពីប៉ុន្មានថ្ងៃមុន នៅរាជធានីភ្នំពេញ អាជ្ញាធរបានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន ដែលមានហានិភ័យទាប នៃការចម្លងជំងឺកូវីដ-១៩ អាចបើកដំណើរការឡើងវិញ។ ប៉ុន្តែអាជីវកម្មមួយចំនួនទៀត ដូចជា ក្លិបកម្សាន្ត រោងភាពយន្ត ខារ៉ាអូខេ និងឌីស្កូតែកជាដើម នៅមិនទាន់អនុញ្ញាតឱ្យដំណើការនោះឡើយ៕
 

 

 

អត្ថបទ៖ លី ម៉េងហួរ    រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024