ថ្ងៃអាទិត្យ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១

ប្រទេសប្រេស៊ីលរកឃើញសត្វដាយណូស័រប្រភេទថ្មីដែលមានជីវិតរស់នៅកាលពី ៧០ លានឆ្នាំមុន

ក្រុមអ្នកជំនាញខាងឆ្អឹងផូស៊ីលនៅប្រទេសប្រេស៊ីលបានរកឃើញឆ្អឹងផូស៊ីលរបស់សត្វដាយណូស័រស៊ីសាច់ប្រភេទថ្មីមួយដែលគេជឿថាសត្វដាយណូស័រប្រភេទនេះបានមានជីវិតរស់នៅលើភពផែនដីតាំងពីប្រហែលជា ៧០ លានឆ្នាំមុនមកម្ល៉េះ។

 

 

 

 

ក្រុមមន្ត្រីជំនាញឆ្អឹងផូស៊ីលនេះបានដាក់ឈ្មោះសត្វដាយណូស័រថ្មីដែលទើបរកឃើញនេះថា គូរូពី អ៊ីតាតា (Kurupi Itaata) ហើយគេបានពណ៌នាពីរូបរាងរបស់សត្វប្រភេទនេះថា មានជើងខាងក្រោយវែងប៉ុន្តែជើងមុខខ្លី និងមានប្រវែងពីក្បាលដល់ចុងកន្ទុយប្រវែង ៥ ម៉ែត្រ ហើយកន្ទុយរបស់វារឹងនិងមិនអាចបត់បែនបាន។

 


ក្រុមអ្នកស្រាវជ្រាវបានរកឃើញឆ្អឹងផូស៊ីលរបស់សត្វដាយណូស័រ គូរូពី អ៊ីតាតា នេះនៅទីក្រុង ម៉ុងតេអាល់តូ (Monte Alto) នៅរដ្ឋសាវប៉ូឡូជាតំបន់ដែលគេបានធ្វើការរុករកសត្វដាយណូស័រច្រើនជាងគេបំផុតនៅប្រទេសប្រេស៊ីល។

 


មកដល់ពេលនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញឆ្អឹងខ្នងនិងឆ្អឹងផាលត្រគាករបស់សត្វដាយណូស័រនេះហើយប៉ុន្តែគេនៅតែបន្តការងារស្រាវជ្រាវនិងស្វែងឆ្អឹងផូស៊ីលរបស់សត្វប្រភេទនេះថែមទៀត។

 

 

 

 

 


ការជីកកាយនៅទីក្រុងម៉ុនអាល់តូបានរកឃើញបំណែកដំបូងនៃឆ្អឹងផូស៊ីលរបស់ដាយណូស័រ គូរូភី អ៊ីតាតា នៅក្នុងឆ្នាំ២០០២ ហើយការជីកបន្ថែមទៀតនៅទីតាំងនោះបានធ្វើឱ្យអ្នកស្រាវជ្រាវបានព័ត៌មានបន្ថែមអំពីប្រភេទដាយណូស័រថ្មីនេះ។

 

រូបរាងសត្វដាយណូស័រ Kurupi Itaata និងបំណែកឆ្អឹងផូស៊ីលរបស់វានឹងដាក់បង្ហាញនៅសារមន្ទីរ Palteontology នៅទីក្រុង Monte Alto ដើម្បីឱ្យពិភពលោកបានឃើញពីស្នាដៃនេះនិងប្រភេទសត្វផុតពូជពីលើផែនដីមួយនេះ៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.