ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥

រថយន្តក្រុងបានប្រែក្លាយជារោងភាពយន្តចល័តដែលជាបទពិសោធន៍ថ្មីមួយនៅតំបន់ហ្គាហ្សា

១៣ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ

ដោយអង្គុយនៅក្នុងរោងកុនចល័តបែបថ្មីនៅលើរថយន្តក្រុងនៅក្នុងតំបន់ហ្គាហ្សា ក្រុមយុវជនប៉ាឡេស្ទីនមួយក្រុមកំពុងញ៉ាំនំពោតលីងខណៈដែលពួកគេកំពុងរីករាយទស្សនាភាពយន្តតុក្កតាដែលជាបទពិសោធន៍ដ៏កម្រថ្មីមួយសម្រាប់កុមារនៅក្នុងតំបន់នេះ។

 

 

 

 

 

ដោយត្រូវបានបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យឬសូឡាដែលអាចជួយសម្រួលដល់ការចល័ត និងមានសមត្ថភាពអាចផ្ទុកមនុស្សជាង ៦០ នាក់នោះ «រថយន្តក្រុងរោងភាពយន្ត» ថ្មីៗនេះបានបើកតាមផ្លូវមួយចំនួននៅតំបន់ហ្គាហ្សាជាមួយការបង្ហាញផ្ទាំងអេក្រង់ដ៏ធំមួយដើម្បីធ្វើឱ្យសា្មរតីរបស់ក្រុមយុវជនរស់ឡើងវិញ។

 

 


នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ រោងភាពយន្តមានការរីកដុះដាលយ៉ាងច្រើននៅក្នុងតំបន់នេះប៉ុន្តែនៅក្នុងឆ្នាំ១៩៨៧ រោងកុនទាំងនេះក៏ត្រូវបានរលាយស្ទើរគ្មានសល់នៅពេលការបះបោររបស់ពលរដ្ឋប៉ាឡេស្ទីនបានកើតឡើងជាលើកដំបូង។

 

 


ក្រោយមកទៀត គេបានស្តារនិងបើកឡើងវិញនូវរោងភាពយន្តមួយចំនួននៅឆ្នាំ១៩៩៦ប៉ុន្តែត្រូវបានដុតបំផ្លាញម្តងទៀតរយៈពេលពីរបីឆ្នាំក្រោយមកដោយសារតែរលកថ្មីនៃភាពតានតឹងផ្នែកនយោបាយដូច្នេះហើយពលរដ្ឋនៅតំបន់ហ្គាហ្សាបានរីករាយទស្សនាភាពយន្តនៅតាមផ្ទះតាំងពីពេលនោះមក។

 

 

 

 

 

 


ថ្មីៗនេះគេបានបង្កើតរោងភាពយន្តចល័តតាមរថយន្តក្រុងថ្មីនេះក្រោមជំនួយរបស់សហភាពអឺរ៉ុបនិងអង្គការមួយចំនួនទៀតដើម្បីលើកកម្ពស់តម្លៃសន្តិភាព ការអនុគ្រោះ និងអំពើអហិង្សានៅក្នុងតំបន់នេះដោយគេបានពង្រីកអេក្រង់យ៉ាងធំដែលមនុស្សរហូតដល់ ៥០០ នាក់អាចមើលឃើញយ៉ាងច្បាស់។

 


យុវជនម្នាក់អាយុ១៣ឆ្នាំបាននិយាយថា នេះជាលើកដំបូងហើយដែលគាត់បានអង្គុយក្នុងរោងភាពយន្តបែបនេះដើម្បីមើលកុននិយាយពីក្ដីស្រឡាញ់និងការថែរក្សាខ្លួន៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025