ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ប្រទេសហុងគ្រីបានរៀបចំពិធីប្រណាំងអុំទូកដ៏ចម្លែកមួយព្រោះទូកដែលយកទៅអុំនៅក្នុងពិធីនេះត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួននោះគឺត្រូវធ្វើពីក្រដាសកាតុង ឬធ្វើពីកេះប្លាស្ទិក ធុង និងផ្នែកខ្លះដូចជាការជិះកង់ដោយប្រើរហាត់ទឹកដោយមានអ្នកទស្សនាជាច្រើន។
ស្ថិតនៅក្រោមលក្ខខណ្ឌទាំងនេះ គេបានឃើញទូកឬក្បូនចំនួន ១៦ គ្រឿងដែលអុំសាកល្បងដោយអ្នកចូលរួមជនជាតិហុងគ្រីកាលពីពេលថ្មីៗនេះគឺមិនអាចជាទូកមែនទែន ឬវត្ថុណាមួយដែលអាចប៉ះពាល់ដល់បរិស្ថាននោះឡើយ។
អ្នកផលិតស្រាក្នុងស្រុកឈ្មោះ Norbert Ivanyi និងក្រុមការងាររបស់គាត់បានបង្កើតកន្លែងញ៉ាំស្រាមួយដោយពួកគេបានចងដបស្រាផ្គុំគ្នាធ្វើជាក្បូននិងក្រាលក្តារនៅពីលើព្រមទាំងដាក់តុនៅមុខអ្នកធាក់កង់ដោយប្រើឈ្នាន់ដូចជាធាក់រហាត់ទឹកដើម្បីរុញច្រានទូករបស់ពួកគេឱ្យអណ្ដែតមុខតាមខ្សែទឹក។
ចំណែកក្រុមមួយទៀតបានបង្កើតទូករបស់ពួកគេដែលមានរូបរាងមូលដោយមានការតុបតែងនំភីហ្សាខណៈដែលសមាជិកក្រុមនេះអង្គុយនៅចំកណ្ដាលដោយដៃពួកគេកាន់ឈ្នាន់រវៃរហាត់ទឹកដែលនៅស្ថិតនៅចំហៀងនៃយានជំនិះរបស់ពួកគេដើម្បីជួយរុញឱ្យរំកិលទៅមុខ។
លោក Rafael Szollosi អ្នករៀបចំព្រឹត្តិការណ៍នេះបាននិយាយថា នៅជុំវិញតំបន់នេះមានមនុស្សជាច្រើនចូលចិត្តធ្វើរឿងប្លែកៗដូចឆ្អួតអ៊ីចឹងដូច្នេះហើយបានជាពួកគេបង្កើតទូកបែបនេះឡើងដើម្បីចូលរួមក្នុងការប្រណាំងនេះដោយពួកគេនិយាយថា រាល់ពេលប្រណាំងម្ដងៗគឺពួកគេមានអារម្មណ៍ដូចជាតារាតន្ត្រីរ៉ុកសម្ដែងនៅលើឆាកអ៊ីចឹង៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន