ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

អ្នកច្នៃម៉ូដក្នុងស្រុក លើកឡើងពីផលប៉ះពាល់របស់ឧស្សាហកម្មម៉ូដក្នុងអំឡុងវិបត្តិកូវីដ១៩

២៤ កក្កដា ២០២១ | កម្សាន្ដ

ឃើញថា មិនខុសពីវិស័យជាច្រើនទៀតដែលបានរងផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ក្នុងនោះវិស័យម៉ូដ និងអ្នកច្នៃក្នុងស្រុក ក៏ជាផ្នែកដ៏សំខាន់មួយដែលគេមើលឃើញថា បានរងផលប៉ះពាល់យ៉ាងដំណាំដូចគ្នាដែរ គ្រាន់តែផលប៉ះពាល់របស់បុគ្គលម្នាក់ៗក្នុងវិស័យនេះមិនដូចគ្នានោះទេ។


ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ប្រមាណ២ឆ្នាំមកនេះ ការងារមួយចំនួនពាក់ព័ន្ធវិស័យម៉ូដត្រូវជាប់គាំង តួយ៉ាង កម្មវិធី Fashion Show ធំៗទាំងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដែលធ្លាប់រៀបចំឡើងមិនអាចរៀបចំបាន ការដើរម៉ូដតាមកម្មវិធីផ្សេងៗក៏មិនអាចកើតឡើង ទីផ្សារសំលៀកបំពាក់ពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងសំលៀកបំពាក់ម៉ូដផ្សេងៗទៀតមួយចំនួនស្ទើរតែរលត់ទីផ្សារ រហូតម្ចាស់អាជីវកម្មមួយចំនួនសម្រេចបិទអាជីវកម្មរបស់ខ្លួនក៏មាន។ 


ទោះជាយ៉ាងនេះនៅតែមានអ្នកច្នៃម៉ូដ ដែលអាចរក្សាជំហរហើយដើរទៅមុខបានយ៉ាងសន្សឹមៗក្នុងដំណាក់កាលដ៏លំបាកលំបិននេះ។តោះយើងមកស្តាប់ការលើកឡើងខុសៗគ្នារបស់អ្នកច្នៃម៉ូដក្នុងស្រុករបស់យើង តើពួកគាត់និយាយអ្វីខ្លះពីឧស្សាហកម្មម៉ូដនៅកម្ពុជាយើងក្នុងបរិបថកូវីដ១៩នេះ។លោក វាសនា ឬគ្រប់គ្នាស្គាល់ Destin ម្ចាស់ហាហ Destin និងជាអ្នកច្នៃម៉ូដ ក៏លើកឡើងថា៖ «បើនិយាយដល់បរិបទកូវីដ គឺពិភពលោកទាំងមូលរងផលប៉ះពាល់លើគ្រប់វិស័យ។

 

សម្រាប់កម្ពុជាស្ថានភាពវឹកវរបស់កូវីដបានរងផលប៉ះពាល់ធ្ងន់ធ្ងរចំពោះវិស័យម៉ូដដែលពួកយើងប្រឹងប្រែងទាំងខុសនឹងត្រូវអស់រយៈពេល១០ឆ្នាំកន្លងមកនេះ ឃើញថាបើប្រៀបជាមួយនឹងប្រទេសជិតខាងយើងដើរក្រោយឆ្ងាយគេស្រាប់ក្នុងវិស័យមួយនេះទៅហើយដល់តែមានរឿងបែបនេះកើតឡើងហើយនៅបន្តមិនកំណត់ពេលវេលាដូច្នេះទៀតនោះកម្រិតនៃការប៉ះពាល់រឹតតែធំធេង ទី១ ការបាក់ទឹកចិត្តរបស់អ្នកច្នៃម៉ូតជាច្រើនដែលគាត់តែងតែរំពឹងដល់ការចេញម៉ូតថ្មីប្លែកៗជារៀងរាល់ឆ្នាំតែរយៈពេលដ៏វែងនេះត្រវបានផ្អាកដោយមិនកំណត់ពេល។

 

ទី២ អ្នកច្នៃម៉ូដវ័យក្មេងដែលមានមហិច្ឆិតាចង់សាកខ្លួនចូលប្រឡូកក្នុងវិស័យមួយនេះបាត់ឱកាសហើយគាត់ងាកទៅធ្វើអ្វីផ្សេងដែលមិនមែនជាជំនាញនឹងការចូលចិត្តដើម្បីក្រពះ។ ទី៣ ម្ចាស់អាជីវកម្មកាត់ដេរច្នៃម៉ូតមួយចំនួនបង្ខំចិត្តផ្អាកបិទទ្វារសកម្មភាពអាជីវកម្មរបស់ខ្លួនដោយមិនកំណត់ពេលព្រោះតែមិនអាចទប់ទល់ការចំណាយគ្រប់យ៉ាងបាន។ បុគ្គលិកផ្នែកជាងដេរមួយចំនួនធំបាត់បង់ការងារប្តូរទៅរកអ្វីថ្មី។

 

Model មួយចំនួនធំគ្មានការងារធ្វើ។ ម្ចាស់អាជីវកម្មកាត់ដេរ គឺជាបុគ្គលដែលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងសម័យកាលយុគនៃកូវីដ១៩ របស់វិស័យម៉ូដកម្ពុជា។»«80% នៃកម្មវិធីពាក់ព័ន្ធវិស័យម៉ូតទាំងអស់ដែលយើងតែងតែធ្វើរៀងរាល់ឆ្នាំត្រូវបានលុបចោល និងពន្យាពេលដោយគ្មានកាលកំណត់អាស្រ័យលើស្ថានភាពជាក់ស្តែងរបស់រដ្ឋាភិបាលជាក់ស្តែងកម្មវិធីដ៍ល្បីនៅកម្ពុជាដែលជាកម្មវិធីបង្ហាញម៉ូតប្រចាំឆ្នាំដ៏ធំឈ្មោះថា Phnom Penh Designer week ត្រូវបានលើកពេលច្រើនដងរួចមកហើយចាប់តាំងពីឆ្នាំ២០២០រហូតដល់ពេលនេះ។

 

Fashion អាចដើរដោយរលូនវាទាល់តែសេដ្ថកិច្ចប្រសើរ។»លោក ម៉ែន សីហា ហៅ Oliva Kong អ្នកច្នៃម៉ូដសំលៀកបំពាក់ គ្រូបង្ហាត់ម៉ូដនៅក្រុមហ៊ុន Queen Victoria និងជា Founder កម្មវិធី Cambodia’s Queen Of The Catwalk លើកឡើងឲ្យដឹងថា៖ «ក្នុងនាមអ្នកច្នៃម៉ូដម្នាក់ ចំពោះស្ថានភាពវិស័យច្នៃម៉ូដអំឡុងកូវីដនេះគឺវាជួបការលំបាកខ្លាំងមែនទែន គឺកាលណាខ្ទប់ឬអ្វីផ្សេងៗ គឺវាអត់មានសកម្មភាពកម្មវិធីឬអ្វីទាំងអស់ គឺយើងបាត់បង់ដូចគ្នា គឺយើងបាត់បង់ការ design សម្រាប់ភ្ញៀវ បាត់បង់ទាំងការ design សម្រាប់ fashion show ផ្សេងៗ ដូច្នេះហើយគឺវាជួបការលំបាកមែនទែន។

 

អ្វីដែលប៉ះពាល់ខ្លាំងជាងគេគឺ ការត្រូវបិទខ្ទប់ហើយអត់បានធ្វើសកម្មភាពកម្មវិធីអីធំៗធ្វើឲ្យយើងបាត់បង់ប្រាក់ចំនូលច្រើនមែនទែន ផ្នែកនេះគឺជាប្រាក់ចំនូលច្រើនសម្រាប់ខ្ញុំ។» «សម្រាប់ការប៉ាន់ស្មានតាំងពីកូវីដវាយលុក វិស័យម៉ូដខូចខាតប្រមាណ 80% ចំណែក 20% គឺបានពីការងារភ្ញៀវកម្ម៉ង់មួយៗ។ និយាយពីប្រាក់ចំនូលធ្លាក់ចុះសឹងតែ 80-90% តែអ្វីដែលខ្ញុំទទួលបានគឺការបង្រៀនសិស្សវិញ ដូចនេះក៏ចេះតែទប់ទល់រួច និងអាចរកប្រាក់ចំនូលពីផ្សេងៗបាន តែបើសម្លៀកបំពាក់ច្នៃធ្លាក់ចុះខ្លាំង។»

 

លោក យុន រតនៈ ម្ចាស់ហាងកាត់ដេរ- លក់សម្លៀកបំពាក់ Rottanak Shop និងជាអ្នកបង្កើតស្លាកសញ្ញាសម្លៀកបំពាក់ Rottanak collection, 25 August និង Fox Man ឲ្យកម្មវិធីសិល្បៈកម្សាន្តដឹងថ្មីៗនេះថា៖ «សម្រាប់យោបល់ខ្ញុំ វាមានភាពធ្លាក់គួរសម សម្រាប់អ្នកផលិតក្នុងស្រុកមិនបានរាប់បញ្ចូលអ្នកលក់ដោយនាំចូលពីក្រៅប្រទេស ក្នុងអំឡុងពេលប្រទេសកំពុងមានវីរ៉ុសកូវីដ19 នេះ។

 

ចំនុចមួយដែលធ្លាក់ចុះខ្លាំងគឺ សេវាកាត់ដេរ ដោយសារតែគោរពតាមគោលការកំណត់ពីរដ្ឋាភិបាល មិនឲ្យរៀបពិធីការនានា ដូច្នេះបានធ្វើឲ្យសេវាកម្មលើការកាត់ដេរសម្លៀកបំពាក់ បានបាត់បង់ភ្ញៀវក្នុងទម្រង់មួយគួរឲ្យកត់សម្គាល់។» «បើធៀបនឹងឆ្នាំ2019 ដែលមិនទាន់មានមេរោគកូវីដ19 គឺខុសគ្នាប្រហែលជាង 80%។ បើនិយាយពីប្រាក់ចំណូល (សើច) គឺវាធ្លាក់ចុះយ៉ាងគួរឲ្យបារម្ភ រយៈពេល2ឆ្នាំនេះ វាបានធ្វើឲ្យឱកាសបង្ហាញស្នាដៃជាច្រើនបានត្រូវលុប រឺពន្យាពេល។

 

ខ្ញុំជឿថា បើឲ្យមេរោគនេះបាត់គឺជាការលំបាក ដូច្នេះយើងមានតែការពារ រក្សាអនាម័យ ហើយគួរតែស្វែងរកអ្វីថ្មី នឹងបង្កើតស្នាដៃឲ្យទៀងទាត់ឡើងវិញ បើបែបនេះវិស័យមួយនេះនឹងនៅតែអាចរក្សាស្ថេរភាព រហូតដល់អ្វីគ្រប់យ៉ាងត្រលប់មកដូចធម្មតាវិញ»។

 

លោក អ៊ិត សុវណ្ណារាជ ដែលជាស្ថាបនិកក្រុមឡាឈូក លើកឡើងថា៖ «ខ្ញុំគិតថាវិស័យច្នៃម៉ូដរបស់ពួកយើងកំពុងបានធ្លាក់ចុះ វិស័យផ្សេងៗទៀតក៏បែបនិងដែរដោយសារកូវីដ១៩ យើងអត់បានធ្វើកម្មវិធី អត់បានបង្ហាញ ធ្វើឲ្យការលក់ធ្លាក់ចុះ ព្រោះភ្ញៀវមិនសូវចង់ចំណាយវិស័យម៉ូដប៉ុន្មានទេ គេទុកចំនូលរបស់គេប្រើប្រាស់ផ្នែកសំខាន់ជាស្បៀងអាហារ ថ្នាំពេទ្យ ចឹងធ្វើឲ្យផ្សព្វផ្សាយរបស់បានត្រឹមទៅដល់គាត់ ឲ្យគាត់មកមើលតែយើងមិនបានទទួលជាប្រាក់ចំណេញពីការលក់អីទេ។

 

ពួកខ្ញុំធ្វើការលើ Recycle Fashion យើងអត់សូវលក់ចេញជាផលិតផលអីទេ តែយើងមានជា Fashion Show ជាការបង្ហាញ ឬជាពិពណ៌ ចឹងផលប៉ះពាល់ចំពោះ ឡាឈូក គឺខ្លាំងមែនទែន គេផ្អាកការរៀបចំកម្មវិធី ហើយបើទោះបីមានការរៀបចំបែបឌីជីថលក៏ពិតមែន តែការរៀបចំបែបឌីជីថលវាខុសគ្នាខ្លាំងបើធៀបការនិងការរៀបចំជាក់ស្តែង។ ជាភាគរយវាច្រើនជាង៥០% ដែលប៉ះពាល់លើ ឡាឈូក ២៥ទៅ៣០%ទៀតដែលយើងកំពុងធ្វើ គឺធ្វើលើឌីជីថលកុំឲ្យអ្នកគាំទ្រភ្លេចឈ្មោះ យីហោយើងតែប៉ុណ្ណឹង។ 

 

 

បើដក ឡាឈូក ចេញ ហើយក្រឡេកមើលវិស័យច្នៃម៉ូដទាំងមូល គឺវាគាំងស្ទើរតែទាំងអស់ អាចដល់ 70% ឯណោះ នេះបើមើលការលក់របស់ម៉ាកយីហោល្បីៗ ព្រោះមនុស្សគិតលើស្បៀងអាហារ និងថ្នាំពេទ្យច្រើនជាងការតុបតែងខ្លួន។ ការរៀនក៏ធ្លាក់ចុះ សិស្សមួយចំនួនបានបញ្ឈប់ការរៀនម៉ូដ លទ្ធភាពរៀនសូត្រក៏ថយចុះព្រោះរៀនបែបឌីជីថលវាអត់បានសូវយកចិត្តទុកដាក់។

 


វាពិតជាប៉ះពាល់ខ្លាំងស្ទើរតែមែនទែន ចំនួលពួកយើងសឹងតែអត់មានតែម្តងក្នុងរយៈពេល៦ខែចុងក្រោយ ព្រោះយើងអត់បានធ្វើកម្មវិធី ភ្ញៀវអត់ទាក់ទងសម្រាប់ការងារ យើងបាត់បង់ឱកាសការប្រារព្ធ Fashion Show “យាត្រា០២” ដែលគ្រោងធ្វើខែកុម្ភៈតែកូវីដបែរផ្ទុះមក ធ្វើឲ្យកម្មវិធីត្រូវពន្យាដល់ពេលនេះ។

 

 

មិនថាផ្នែកណាមួយទេគឺសុទ្ធតែប៉ះពាល់តែយើងកុំបណ្តោយខ្លួនហើយព្យាយាមស្វែងរកអ្វីដែលថ្មីៗ គិតវិជ្ជមាន ដែលយើងអាចបន្តទៅទៀតបានបើទោះមិនបាន១០០% តែអាចងាកមកស្ថានភាពណាដែលអាចជួយយើងវិញ កុំឲ្យយើងកាន់តែធ្លាក់ចុះ ដូចជាងាកមកធ្វើការបែបឌីជីថលវិញដូចបណ្តាប្រទេសតំបន់អាស៊ានផ្សេងទៀតដែលរៀបចំ Fashion Show ឲ្យមនុស្សអាចមើលបានតាមអនឡាញ។

 

 

មួយទៀតយើងព្យាយាមសម្របខ្លួនតាមបរិបថសង្គមដែលកើតមាន មានតែយើងពួតដៃគ្នាខំប្រឹងបន្តធ្វើការងារនិងឡើង ជម្រុញវិស័យច្នៃម៉ូដកុំឲ្យវាបាត់បង់ធ្លាក់ទៅៗបែបនិង អ្វីដែលសំខាន់យើងស្វែងយល់ពីទិន្នភាព និងបរិបថសង្គមឲ្យច្បាស់ហើយរកដំណោះស្រាយកុំបណ្តោាយខ្លួនឯងទៅតាមបញ្ហា ព្រោះរាល់បញ្ហាទាំងអស់វានិងមានដំណោះស្រាយគ្រាន់តែយើងគិតនិងចំណាយពេលវេលាហើយចិត្តនិងគំនិតទៅដោះស្រាយឲ្យអស់ពីសមត្ថភាព។» 

 


«ក្នុងនាមស្ថាបនិកក្រុមឡាឈូក ខ្ញុំសំណូមពរឲ្យអ្នកច្នៃម៉ូដ និងអ្នកពាក់ព័ន្ធផ្នែកវិស័យម៉ូដទាំងអស់ មេត្តាខំប្រឹងប្រែងឡើងដើម្បីកុំឲ្យស្ថានភាពនេះវាតែធ្ងន់ធ្ងរ កុំឲ្យការធ្លាក់ចុះនៃយីហោ និងវិស័យម៉ូដដែលយើងខំបង្កើតវាកាន់តែធ្លាក់ចុះជាងនិងទៀត។ កុំបោះបង់ ព្យាយាមរកដំណោះស្រាយ ឬរកវិធីផ្សេងដើម្បីឲ្យវាប្រសើរឡើងជាងនេះ។

 

 

ខ្ញុំសង្ឃឹមថាយើងព្យាយាមមូលមតិទាំងអស់គ្នា កុំគិតថាផ្នែកទាំងអស់នៃវិស័យម៉ូដជាដៃគូរប្រកួតប្រជែង យើងប្រកួតគ្នាតែផ្នែកថាយីហោណា Fashion អ្នកណាដែលប្រសើរជាង កុំប្រកួតប្រជែងគ្នាដើម្បីជាន់បង្អាប់ទៅយីហោណាមួយឲ្យធ្លាក់ចុះឬបិទ យើងសុខចិត្តនៅសាមគ្គីគ្នាធ្វើមិចឲ្យឧស្សាហកម្មច្នៃម៉ូដកម្ពុជាយើងឲ្យវាល្អរៀងរាល់ថ្ងៃ។»លោក Dara HD ម្ចាស់ហាង Heng Dara HD និងជាអ្នកច្នៃម៉ូដ ថា៖ «ខ្ញុំសង្កេតឃើញថាស្ថានភាពកូវីដ១៩ក្នុងកម្ពុជារងផលប៉ះពាល់ជាច្រើនទៅដល់បណ្តាអ្នកច្នៃម៉ូដ ឬអ្នកចេញម៉ូដ ជាងកាត់ដេរ ឬបងប្អូនអ្នកធ្វើក្នុងវិស័យម៉ូដ គឺរងផលប៉ះពាល់មែនទែន។

 

 

សម្រាប់ខ្ញុំ រងផលប៉ះពាល់ខ្លាំងជាងគេដោយសារកូវីដ គឺទៅលើភ្ញៀវ ការងារដែលទាក់ទងអតិថិជន ត្រូវបានលុបចោល ឬលើកពេល ពេលខ្លះភ្ញៀវលើកពី១ខែទៅ១ខែ។ ហើយយើងក៏រងផលប៉ះពាល់ច្រើនដល់វិស័យបវរកញ្ញា ដែលខ្ញុំជាអ្នកច្នៃម៉ូដមួយរូបដែលត្រូវបញ្ចេញឈុតសម្រាប់បវរកញ្ញាត្រៀមខ្លួនទៅប្រឡងបវរកញ្ញា ដូច្នេះបវរកញ្ញាមិនបានគ្រងឈុតយើង ព្រោះយើងពិបាកទំនាក់ទំនងការងារដោយសារគិតពីសុខភាពរៀងៗខ្លួន។»

 

 

«សម្រាប់វិស័យច្នៃម៉ូដនៅកម្ពុជាធ្លាក់ចុះប្រហែល៦០% បើធៀបឆ្នាំមិនទាន់មានកូវីដ១៩ មុននេះយើងមានការងារច្រើនទាក់ទងគម្រោង Fashion Show ឬ កម្មវិធីបវរកញ្ញា។ ហើយរងផលប៉ះពាល់ជាងគេនោះ គឺទៅលើផ្នែកប្រាក់ចំនូលប្រចាំថ្ងៃឬប្រចាំរបស់យើង ទាក់ទងការជួលទីកន្លែងដែលយើងបើកហាងត្រូវបានចំណាយដើមទុនច្រើន ចឹងយើងរងផលប៉ះពាល់ច្រើនលើការជួល និងបុគ្គលិក រួមទាំងផ្សេងៗដែលយើងត្រូវចំណាយ។»

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឲ្យ, Facebook និង Instagram

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025