ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ជាមួយការដើរបង្ហាញម៉ូដ ថ្មី ឈ្មោះថា “In Wonderland របស់អ្នកច្នៃម៉ូដ យុន រតនៈ ដែលបំផុសពីភាពអស្ចារ្យនៃដែនដី និង Pattern សត្វខ្លា មើលទៅទាក់ទាញមិនធ្លាប់មានកំពុងទទួលការចាប់អារម្មណ៍ពីមហាជន។
អ្នកច្នៃម៉ូដល្បីឈ្មោះក្នុងវិស័យហ្វេសសិន ដែលគ្រប់គ្នាកោតសរសើរពីគំនិតច្នៃប្រតិដ្ឋមិនចេះរីងស្ងួត លោក យុន រតនៈ បានត្រឡប់មកវិញជាមួយ Collection ថ្មីសម្រាប់ឆ្នាំ២០២៥ ឈ្មោះថា “In Wonderland” Rottanak Official x Khmer Streat Food Festival & Night។
ការដើរបង្ហាញម៉ូដ Collection “In Wonderland” សរុប ៣១ឈុតពីសំណាកតារាម៉ូដែលប្រុសស្រី និងម៉ូដែលភេទទី៣ ត្រូវបានធ្វើឡើងកណ្តាលផ្សាររាត្រីកោះនរា ជាទីប្រជុំជនបណ្តុំដោយម្ហូបអាហារឆ្ងាញ់ៗ និងបរិយាសកាសព្រៃព្រឹក្សាស្រស់ថ្លា ស័ក្កសមជាមួយភាពច្នៃប្រតិដ្ឋដ៏រស់រវើករបស់អ្នកច្នៃម៉ូដដែលចង់ផ្លាស់ប្តូររសជាតិថ្មីសម្រាប់ចំណីចក្ខុអ្នកទស្សនា។
ប្រាប់ឱ្យភីអិនអិនដឹងក្រោយចប់ការដើរបង្ហាញម៉ូដ លោក យុន រតនៈ ថា នេះជា Collection ដំបូងរបស់លោកក្នុងឆ្នាំ២០២៥ ដែល Collection នេះ បង្កើតឡើងតាមគំនិតបំផុសនៃ In Wonderland បង្ហាញពីភាពអស្ចារ្យមហិមានៃដែនដីដ៏ស្រស់ត្រកាល ប្រៀបបីដូចបរិយាកាសជុំវិញខ្លួននៃផ្សាររាត្រីកោះនរាដូច្នោះដែរ។
Collection “In Wonderland” បែងចែកជា ២ ផ្នែកផ្សេងគ្នា ប៉ុន្តែវានៅតែមានភាពពាក់ព័ន្ធគ្នាតាមតំណរភ្ជាប់នៃសាច់រឿង។ អ្នកច្នៃម៉ូដរូបនេះបន្តថា វាជារសជាតិថ្មីមួយទៀតដែលលោកបង្កើតឡើង ព្រោះកន្លងមកលោកពុំធ្លាប់បង្កើត Collection ពី Pattern សត្វបែបនេះឡើយ ប៉ុន្តែលោកក៏ចង់ប្តូរឆ្លាស់ផ្លាស់ប្តូរឱ្យឈុតមើលទៅមានភាពហ្វេសសិន និងទាក់ទាញខ្លាំងជាងមុន។
លោកស្វាគមន៍ជានិច្ចសម្រាប់លោកអ្នកដែលមានបំណងចង់ជាវឈុតសម្លៀកបំពាក់ Collection “In Wonderland” Rottanak Official x Khmer Streat Food Festival & Night និងបើកទទួលការកម្ម៉ង់ឈុតប្លែកៗបែបហ្វេសសិនផងដែរ។
អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះបង្ហើបឱ្យដឹងថា ក្រោយចប់ fashion show “In Wonderland” នេះ លោកនឹងមាន fashion show ទ្រង់ទ្រាយធំជាងនេះមួយទៀត នៅអំឡុងខែកញ្ញាខាងមុខនេះ តែពេលនេះពុំអាចលម្អិតឱ្យដឹងច្រើនបានឡើយ ប្រាប់តែថា បើ fashion show នោះធំហើយអស្ចារ្យជាងមុនឆ្ងាយប្រសិនបើវាពិតជាអាចកើតឡើងមែន សូម្បីតែឈុត ទីតាំង និងការបំផុសគំនិតក៏ថ្មីសន្លាងមិនធ្លាប់មានពីមុនឡើយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច