ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
នៅថ្ងៃទី១៤ ខែមិថុនានេះ បែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានស្ម័គ្រចិត្តបន្តរុះរើ និងចល័តចេញ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរ។ អាជ្ញាធររាជធានីភ្នំពេញ បានចាត់ទុកថា ការស្ម័គ្រចិត្ត បន្តរុះរើ និងចល័តចេញនេះ ជាដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបាន ផ្តើមចេញពីការយល់ដឹង ការទទួលស្គាល់ និងការចូលរួមដោយស្ម័គ្រចិត្ត។
បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់ មិនរៀបរយជាច្រើនខ្នង នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានស្ម័គ្រចិត្ត និងកំពុងបន្តរុះរើ និងចល័តចេញជាបន្តបន្ទាប់ ក្រោមការឃ្លាំមើលរបស់អាជ្ញាធរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយជាច្រើនខ្នង នៅក្នុងខណ្ឌចំនួន៧ រួមមាន ខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ឫស្សីកែវ ដូនពេញ ចំការមន ច្បារអំពៅ និងខណ្ឌមានជ័យ ត្រូវបានម្ចាស់រុះរើ និងខ្លះទៀតបានចល័តចេញដោយស្ម័គ្រចិត្ត គិតចាប់ពីថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។
លោក ម៉េត មាសភក្តី បានបន្តថា ពាក់ព័ន្ធម្ចាស់បែចិញ្ចឹមត្រីមួយចំនួនដែលទើបទំលាក់កូនត្រីចូលបែ មុនការជូនដំណឹង ហើយបានសំណូមអោយពន្យាពេលវេលារុះរើ ដោយកត្តាជីវភាពដ៏ចាំបាច់នោះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតបន្តទុកបែត្រីយ៉ាងអនាធិបតេយ្យតាមដងទន្លេនៅកន្លែងចាស់សព្វថ្ងៃនេះទេ គឺត្រូវបន្តរុះរើចាកចេញអោយអស់ ប៉ុន្តែអាចរៀបចំចិញ្ចឹមត្រីជាបណ្តោះអាសន្ន នៅភាគខាងជើងខណ្ឌព្រែកព្នៅ ក្បែរព្រំប្រទល់ខេត្តកណ្តាល ដោយមានការសន្យាច្បាស់លាស់ និងការរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ពុំមានបង្កផលប៉ះពាល់ណាមួយពិសេសបរិស្ថានទន្លេ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ មិថុនា បានជូនដំណឹងដោយអោយបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើឬចល័តចេញជាបន្ទាន់ពីផ្ទៃទន្លេ ។
ការតម្រូវអោយម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់នេះ ធ្វើឡើងក្រោមហេតុផល ដោយសារមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ បាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថាននិង សោភ័ណភាពរាជធានីភ្នំពេញ ជាដើម។
ដោយឡែក គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនានេះ គេសង្កេតឃើញផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រីប្រមាណជាង ៨០ភាគរយហើយ បានរុះរើ និងចាកចេញរួចរាល់ ខណៈនៅសល់មួយចំនួនតូច បាន និងកំពុងរុះរើ និងចាកចេញបណ្តើរៗ៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា