ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥

បង្ហាញ​មុខ​​យ៉ាង​កម្រ Fan Bingbing ត្រូវ​អ្នក​គាំទ្រ​ថា​​​ស្លៀក​រ៉ូប​ដូច​ភួយ ប៉ុន្តែនៅ​តែ​ស្អាត

០៧ មិថុនា ២០២១ | កម្សាន្ដ

វត្ត​មាន​របស់​ Fan Bingbing (ហ្វាន ពីងពីង) និង​តារា​ល្បី​ចិន​ជា​ច្រើន​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​កម្មវិធី​ខួប​គម្រប់​១០​ឆ្នាំ​របស់​ទស្សនាវដ្ដី​មួយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

 

តារាសម្ដែង​ Fan Bingbing និង​តារាប្រុស​ស្រី​ចិន​ល្បីៗ​ជា​ច្រើន​បាន​ចូលរួម​បង្ហាញ​សម្រស់​ ក្នុងកម្មវិធី​ខួប​គម្រប់ ១០​ឆ្នាំ​របស់​ទស្សនាវដ្ដី​​Wonderland ​នៅ​ទីក្រុង​សៀងហៃ កាល​ពី​ថ្ងៃទី​៥ ខែមិថុនា​កន្លង​ទៅ។ បង្ហាញ​ខ្លួន​ក្នុង​​រ៉ូប​​ពណ៌​បៃតង​វែង​អូសដី តារា​ស្រីវ័យ ៣៩ឆ្នាំ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​លាន់​មាត់​ថា រ៉ូប​របស់​នាងមើល​ទៅ​ដូច​​ភួយ និង​​មិន​ស្អាត​ដូច​រាល់​ដង​ឡើយ ប៉ុន្តែ​ទោះ​យ៉ាង​ណា​សម្រស់​របស់​នាង​នៅ​តែ​ស្អាត​លេចធ្លោ​ដដែល។

 

 

នេះ​ជា​ការ​បង្ហាញ​​មុខ​​ក្នុង​ព្រឹត្តិការណ៍​​ធំយ៉ាង​កម្រ​របស់​តួ​ឯក​ស្រី “មហិច្ឆតាអ៊ូម៉ីនាង” ចាប់​តាំង​ពី​​​ផ្ទុះ​រឿង​អាស្រូវ​គេចវេះ​មិន​បង់ពន្ធមក​។ រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​ហើយ​បន្ទាប់​ពី​បញ្ហា​នេះ​បាន​បញ្ចប់ Fan BingBing នៅ​តែ​មិន​ទាន់​មាន​ផលិតកម្ម​ណាមួយ​ទាក់ទង​ឲ្យ​សម្ដែង​ភាពយន្ត​ថ្មី​នៅ​ឡើយ ហើយ​ភាពយន្ត​ប៉ុន្មាន​​រឿង​ដែល​នាង​បាន​ថត​រួច​ក៏​នៅ​តែ​មិន​អាច​​ចាក់​ផ្សាយ​បានដែរ​។

 

 

ដោយ​ឡែក​តារា​សម្ដែង​ប្រុស Huang Xiaoming (ហ័ង សៀវមីង) បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​ដោយ​​​ក្នុង​កម្មវិធី​នេះ​លោក​​​មើល​ទៅ​ស្គម​ខ្លាំង ក្រោយ​សម្រក​ទម្ងន់​អស់​ជាង ១៥គីឡូ​​ដើម្បី​ថត​ភាពយន្ត​មួយ។ បើ​ទោះ​បី​ការ​ថត​បាន​បញ្ចប់​ទៅ​​​រាប់​ខែ​ហើយ​ក្ដី ប៉ុន្តែ​ទម្ងន់​របស់​តារា​វ័យ ៤៣ឆ្នាំរូប​នេះ​នៅ​តែ​មិន​ទាន់​វិល​មក​រក​ភាព​ប្រក្រតី​​នៅ​ឡើយ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025