ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ផាកពិន័យអ្នកល្មើសវិធានការរដ្ឋបាល ចាប់ពី ២លានរៀល ដល់ ៥លានរៀល

២០ មេសា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា បានចេញសេចក្តីសម្រេច ផាកពិន័យ ចំពោះបុគ្គល ដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ ចាប់ពី ២លានរៀល ដល់ ៥លានរៀល ទៅតាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គល ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញ ដូចជា ការមិនគោរពការហាមឃាត់ការធ្វើដំណើរ ការជួបជុំ និងការរំលោភបំរាមគោចរ ជាដើម។ 

 


សេចក្តីសម្រេច ពិន័យចំពោះបុគ្គល ដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចាប់ពី ២លានរៀល ដល់ ៥លានរៀល ទៅតាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

 


រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ថា មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចេញបង្កាន់ដៃពិន័យអន្តរការណ៍ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការ រដ្ឋបាលខាងលើ ដើម្បីបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍ ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍។ ហើយចំណូលដែលប្រមូលបានពីការពិន័យចំពោះអំពើមិនគោរពដោយចេតនាវិធានការរដ្ឋបាល ត្រូវកត់ត្រាជា ចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ។

 


រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា ក្នុងករណីបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ពុំបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍នោះ មន្ត្រីដែលមាននីតិសម្បទា ជានគរបាលយុត្តិធម៌ នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ជាធរមាន។

 


ដោយឡែក បន្ថែមលើការទទួលរងនូវការពិន័យអន្តរការណ៍ ក្នុងករណីដែលអំពើមិនគោរពដោយចេតនាវិធានការរដ្ឋបាល ដូចមានចែងក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបង្ក ឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះ បុគ្គលល្មើសនឹងទទួលរងនូវការផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕


អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025