ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ស្របនឹងទិវាទឹកពិភពលោក ថ្ងៃទី២២ ខែមីនា ម្សិលម៉ិញនេះ ហើយក៏ខណៈរដូវប្រាំង បានចូលមកដល់មែនទែនហើយនេះ មន្ត្រីជំនាញខាងទឹកស្អាត បានក្រើនរំឭកម្តងទៀត សូមឱ្យថែរក្សាការទឹក ជាពិសេសទឹកនៅលើដី ដូចជាទឹកស្រះ ទឹកបឹង ជាដើម ឱ្យបានល្អ ចៀសវាងខ្ជះខ្ជាយទឹក ឬ ធ្វើឱ្យខូចទឹក ព្រោះមនុស្សជាច្រើន មិនទាន់មានទឹកប្រើប្រាស់ស្រួលបូលនៅឡើយទេ ហើយសូមកុំបូម កុំបាចស្រះ ដើម្បីចាប់ត្រី ជាដើម ។
ទឹកមានគុណតម្លៃ និង សារសំខាន់យ៉ាងធំធេង សម្រាប់គ្រួសារ ស្បៀងអាហារ វប្បធម៌ សុខភាព អប់រំ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និង ភាពស្អិតរមួត នៃ បរិស្ថានធម្មជាតិ ពោលគឺទឹកជាអាយុជីវិត របស់មនុស្សសត្វ និង រុក្ខជាតិ ហើយក៏ជាអាយុជីវិត នៃ អ្វីៗទាំងអស់នៅលើភពផែនដី ។ ហេតុនេះ វាជាការចាំបាច់ ដែលមនុស្សគ្រប់គ្នា មានកាតព្វកិច្ចក្នុងការថែរក្សាការពារទឹក ហើយដោយមិនទាន់និយាយដល់ទឹកនៅក្រោមដី គឺយើងត្រូវថែរក្សា ការពារ និង ប្រើប្រាស់ទឹកនៅលើដី ឱ្យបានល្អ ប្រើប្រាស់ទឹកឱ្យចំគោលដៅ ប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃ ចៀសវាងការខ្ជះខ្ជាយទឹក ។ នេះ គឺជាការក្រើនរំឭកឡើងវិញរបស់លោក ហង់ ហ៊ីបុណ្ណា មន្ត្រីឯកទេសទឹកស្អាត នៃ អង្គការ Plan International ប្រចាំប្រទេស កម្ពុជា តាមរយៈ តេឡេហ្ក្រាម នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ ។
លោក ហង់ ហ៊ីប៊ុណ្ណា បន្ថែមថា ការថែរក្សាទឹកនៅលើដី បានសេចក្តីថា ត្រូវថែរក្សាទឹកស្រះ ទឹកត្រពាំង ទឹកទន្លេ ទឹកបឹង ទឹកស្ទឹង និង អាងស្តុកទឹកជាដើម ចៀសវាងការបោះចោលកាកសំណឹងរឹង កាកសំណល់រាវ និង បង្ហូរទឹកស្អុយ ទឹកដែលមានជាតិពុល និង ការប្រើប្រាស់ថ្នាំគីមីនានាជាដើម ដែលនាំឱ្យបាត់បង់ ឬ នាំឱ្យខូចគុណភាពទឹកទាំងនោះ ។
ម្យ៉ាងទៀត ចំពោះកន្លែងដែលមានទឹកស្រះ ដូចជាស្រះគ្រួសារ ស្រះសហគមន៍ ស្រះភូមិ និង ស្រះនៅតាមវត្តអារាមជាដើម មេត្តាកុំចាក់ដីលប់ស្រះទាំងនោះ ប៉ុន្តែត្រូវធ្វើរបងការស្រះទឹកទាំងនោះឱ្យបានល្អ ហើយក៏ត្រូវចៀសវាងការបូមស្រះ បាចស្រះ ទាំងនោះ ដើម្បី ចាប់យកត្រីជាដើម ព្រោះការបូម ឬ បាចស្រះ ដើម្បី ចាប់យកត្រីនោះ គឺជាការធ្វើឱ្យទឹកងាយនឹងរីងស្ងួតហួតហែង បណ្តាលឱ្យខ្វះទឹកសម្រាប់ប្រើប្រាស់ចាំបាច់ ដូចជាសម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បី តម្រូវការជីវិតមនុស្ស ជីវិតសត្វ និង ការស្រោចដំណាំជាដើម ។
សូមជម្រាបថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធរយៈពេលប៉ុន្មានឆ្នាំមកនេះ ធ្វើឱ្យប្រជាជន កម្ពុជា មានទឹកប្រើប្រាស់បានប្រសើរច្រើនជាងមុនគួរឱ្យកត់សម្គាល់ ។ ទោះយ៉ាងណា បើតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែល PNN ទទួលបាននៅថ្ងៃនេះ មានគ្រួសារត្រឹមតែជាង ៧៣ ភាគរយប៉ុណ្ណោះដែលទទួលបានទឹកស្អាតពិសា, ជាង ៨៣ ភាគរយ នៃ គ្រួសាររស់នៅទីក្រុង ទទួលបានសេវាទឹកពិសាដែលមានការកែម្អ ខណៈមានតែ ៦៦ ភាគរយប៉ុណ្ណោះ នៃ គ្រួសារនៅជនបទ ដែលទទួលបានសេវាបែបនេះ ។ ១៨ ភាគរយ នៃ អ្នករស់នៅទីក្រុង និង ២៨ ភាគរយ នៃ អ្នករស់នៅជនបទ ទទួលបានសេវាទឹកជាមូលដ្ឋាន បានសេចក្តីថា ពួកគេត្រូវប្រើពេលវេលាប្រមាណជា ៣០ នាទី ពីផ្ទះរបស់ពួកគេ ដើម្បី អាចទៅរកទឹកបាន ដែលប្រការនេះ បានសេចក្តីថា នៅទូទាំងប្រទេសកម្ពុជា នៅមានមនុស្សមិនតិចទេ ដែលកំពុងជួបក្តីលំបាក ដើម្បី បានទឹកប្រើប្រាស់ប្រចាំថ្ងៃ ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ