ថ្ងៃអង្គារ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៥
ប្រជាពលរដ្ឋប្រមាណ ៤ម៉ឺនគ្រួសារ ក្នុងសង្កាត់ចំនួន ៩ នៅរាជធានីភ្នំពេញ នឹងខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ក្នុងបរិបទកូវីដ១៩ ដែលរងផលប៉ះពាល់គ្រប់ចរន្តនៃសេដ្ឋកិច្ចជាតិទាំងមូលក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ទទួលរងនូវឥទ្ធិពលនេះដែរ។ ប៉ុន្តែទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះយ៉ាងណាក្តី ក៏រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែដំណើរការបម្រើសេវាជូនអតិថិជនរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ២៤ ម៉ោង/២៤ម៉ោង និងជារៀងរាល់ថ្ងៃ។ នេះបើតាមការប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ទោះបីជានៅរដូវប្រាំងនេះកំពស់ទឹកទន្លេបានស្រកចុះទាបជាងសព្វដងក៏ដោយ ការផលិតទឹក និងការប្រើប្រាស់ទឹកនៅមានអតុល្យភាព ដោយការផ្គត់ផ្គង់ទឹកអាចមានការខុសគ្នានៃសំពាធទឹកខ្លាំង ឬខ្សោយ នៅពេលដែលអតិថិជនសម្រុកប្រើប្រាស់ក្នុងពេលតែ១ បានន័យថា សេចក្តីត្រូវការលើសពីសមត្ថភាពនៃការផ្គត់ផ្គង់ ដែលធ្វើឲ្យសំពាធទឹក នៅតាមតំបន់ជាយក្រុងនឹងបន្តធ្លាក់ថមថយ ចុះជាងពេលមុន ឬខ្វះទឹកប្រើប្រាស់នៅតំបន់ជាយក្រុងខ្លះ។
ជាមួយគ្នានោះ រដ្ឋាករទឹកក្រុងភ្នំពេញ សូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋប្រមាណជា ៤០ ០០០គ្រួសារ ដែលរស់នៅប៉ែកខាងលិចនៃរាជធានីភ្នំពេញក្នុងភូមិខ្លះនៃសង្កាត់មួយចំនួនដូចជា សង្កាត់កំបូល ភ្លើងឆេះរទេះ ឃ្មួញ ក្រាំងធ្នង់ គោករកា កន្ទោក ស្នោ ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ជាដើម ចំពោះការថមថយសម្ពាធទឹក និងខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។
បើតាមរដ្ឋាករទឹក ស្ថិតក្នុងបរិបទមួយដែលរាជធានីភ្នំពេញ ជាបេះដូងនៃកម្ពុជា មានកំណើនសេដ្ឋកិច្ច សង្គមយ៉ាងលឿន ក្នុងនោះមានកំណើនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ និងផ្ទៃសេវាផ្គត់ផ្គង់ទឹកកាន់តែធំទៅៗផងនោះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវសាងសង់រោងចក្រផលិតទឹកថ្មីៗ និងពង្រីកការងារ ដាក់បំពង់មេចែកចាយទឹកបន្ថែមទៀត សំដៅបំពេញតម្រូវការប្រើប្រាស់ដ៏គំហុកនេះ។
ក្នុងនោះ រោងចក្រផលិតទឹកស្អាតបាក់ខែងបាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ យ៉ាងណា «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅកណ្តាលរាជធានីភ្នំពេញ ដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានសម្ពាធសមស្របហើយនោះ មេត្តាជួយសន្សំសំចៃទឹកក្នុងការប្រើប្រាស់ ដើម្បីទុកលទ្ធភាព និងឱកាសឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុងភ្នំពេញអាចទទួលបានទឹកប្រើប្រាស់ក្នុងន័យចែករំលែកទឹកគ្នាប្រើក្នុងរដូវកាលខ្វះខាតនេះ»។
ជាមួយគ្នានេះដែរ រដ្ឋាករទឹក បញ្ជាក់ថាបើទោះបីស្ថិតក្នុងរដូវកាល និងកាលៈទេសៈដ៏លំបាកនេះក្តីក៏ស្ថាប័នរបស់ខ្លួននៅតែបន្តខិតខំ និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការផលិតទឹកដែលមានគុណភាពស្របតាមស្តង់ដាទឹកផឹកថ្នាក់ជាតិ និងស្តង់ដាទឹកផឹករបស់អង្គការសុខភាពពិភពលោក (WHO)។ ការណ៍នេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងអនាម័យដែលអាចឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ សម្រាប់ជីវភាពប្រចាំថ្ងៃ ព្រោះទឹកស្អាតគឺជាចំណែកមួយដ៏សំខាន់ក្នុងការការពារជំងឺឆ្លងកូវីដ១៩ ផងដែរ ក្នុងបរិបទបច្ចុប្បន្ននេះ៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ