ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ

២៤ មីនា ២០២១ | ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននូវស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលឆ្លងកាត់ទន្លេមេគង្គ ចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

 


ក្នុងដំណើរចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ ខែមីនានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ការបើកឲ្យពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្ននេះ ដោយទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួលការធ្វើដំណើរ និងចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

 

 


ឯកឧត្តមបានបញ្ជាក់ថា តាមគម្រោងស្ពាននេះត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ ប៉ុន្តែក្រុមហ៊ុនបានពន្លឿនការសាងសង់បានរួចមុនកាលកំណត់ប្រមាណ២ខែ។ ឯកឧត្តមបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននេះជាផ្លូវការ នៅពេលវេលាសមស្របណាមួយ ហើយនឹងបើកការដ្ឋានសាងសង់ផ្លូវលេខ៧១C ដែលតភ្ជាប់ពីស្ពាន់មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនេះ ទៅចំការលើ និងទៅកាន់ផ្លូវលេខ៧។

 


រដ្ឋមន្ត្រីក្រសួងសាធារណការ បានបន្តថា ចំពោះសាឡាងដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនការធ្វើដំណើរប្រជាពលរដ្ឋនៅតំបន់នោះ លែងមានទៀតហើយ ដោយសាឡាងនេះ នឹងត្រូវដកបញ្ជូន ទៅធ្វើការចម្លងនៅទន្លេសាបត្រង់ចំណុចកំពង់លែង ខេត្តកំពង់ឆ្នាំង ភ្ជាប់ទៅផ្លូវជាតិ៥១សេ ដោយសារនៅកន្លែងនោះមិនទាន់មានស្ពានឆ្លងកាត់នៅឡើយ។

 


សូមបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាគម្រោងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឲ្យបានងាយស្រួល និងឆាប់រហ័ស ដោយនៅត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះ មានប្រវែងជាង ១គីឡូម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ បានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក៕

 

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024