ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជាង ៩៧ភាគរយហើយ

០៦ កក្កដា ២០២១ | ព័ត៌មានជាតិ

ស្ពានឆ្លងកាត់ទន្លេបាសាក់ ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបានជាង ៩៧%ហើយ គិតរហូតមកទល់ពេលនេះ។  ក្នុងនោះ ស្ពានឆ្លងកាត់ទន្លេបាសាក់ ខាងកើត និងខាងលិច អាចនឹងរួចរាល់ នៅរយៈពេល ២ ទៅ ៣ខែទៀត ប៉ុណ្ណោះ។

 


បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ សម្រេចបានជាង ៩៥% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង ៣៦៦ម៉ែត្រ សម្រេចស្ទើតែ ១០០%ហើយ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។ ក្រសួងបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានទទឹង ២៥ម៉ែត្រ និងកម្ពស់នាវាអាចចរាចរណ៍បាន។

 


សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ។ ផ្លូវនេះ តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥  ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាងលិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ ។

 


សម្រាប់ក្រសួងសាធារណការ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ដែលចំណាយថវិកាជាង ២៦០លានដុល្លារអាមេរិក នឹងរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត៕


អត្ថបទ៖ អឿន  ភារ៉ា     រូបភាព៖ ផ្តល់ឲ្យ និងឯកសារ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024