ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ស្ពានបេតុងឆ្លងប្រឡាយទួលពង្រទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន ៧កន្លែង គ្រោងបញ្ចប់ការសាងសង់ នៅដំណាច់ខែសីហាខាងមុខ

១៨ សីហា ២០២១ | ព័ត៌មានជាតិ

ស្ពានបេតុងឆ្លងប្រឡាយទួលពង្រទី១ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ចំនួន ៧កន្លែង គ្រោងបញ្ចប់ការសាងសង់ និងដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ នៅដំណាច់ខែសីហាខាងមុខ។ ការសាងសង់ស្ពានបេតុងឆ្លងប្រឡាយនេះ គឺស្ថិតក្នុងគម្រោងស្តារប្រឡាយទួលពង្រទី១ ក្នុងខណ្ឌពោធិ៍សែន ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ។ 

 


ទោះបីជាមានការយាយីដោយវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយ លូទឹកជាដើម នៅរាជធានីភ្នំពេញ មិនជាប់គាំងនោះឡើយ ។ ជាក់ស្តែង ស្ពានបេតុងឆ្លងប្រឡាយទួលពង្រ១ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧កន្លែង គ្រោងបញ្ចប់ការសាងសង់ និងគ្រោងដាក់អោយប្រើប្រាស់ដំណាច់ខែសីហាខាងមុខ។ នេះបើតាមរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហានេះ។


បើតាម លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ក្នុងសង្កាត់ចោមចៅទី១ មានទទឹងទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេការពារដីបាក់ចូលប្រឡាយ ។ 

 


លោកប្រធានមន្ទីរ បានបន្តថា ប្រឡាយទួលពង្រទី១នេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូររំដោះទឹកដែលជន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ទៅកាន់បឹងជើងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគម្រោងស្តារប្រឡាយនេះបញ្ចប់ នឹងអាចជួយកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកម្រិតធំ។

 


គួរបញ្ជាក់ថា  ប្រឡាយទួលពង្រ១ មានទទឹង៨ម៉ែត្រ បណ្ដោយជា៤គីឡូម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ។ ក្រៅពីស្ពានឆ្លងកាត់ប្រឡាយ គម្រោងស្តារប្រឡាយនេះ ក៏មាន ការដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែងជាង១ពាន់ម៉ែត្រ និងដាក់លូជ្រុងចំណុចផ្លូវ ឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕


អត្ថបទ៖ សន រដ្ឋា      រូបភាព៖ ផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024