ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥

កូវីដ១៩ធ្វើឲ្យតម្រូវការរថយន្តផ្ទះចល័តកើនឡើងខ្លាំងនៅកូរ៉េខាងត្បូង

០៥ កុម្ភៈ ២០២១ | កម្សាន្ដ

ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ បានរឹតត្បិតសកម្មភាពដើរហើររបស់ខ្លួន ប្រជាជនកូរ៉េខាងត្បូងក៏បានងាកទៅរកការកម្សាន្ត និងកីឡាក្រៅផ្ទះជាលក្ខណៈឯកជនវិញ ដែលជំរុញឱ្យមានការកើនឡើងខ្លាំងនូវតម្រូវការរថយន្តផ្ទះចល័ត។



យោងតាមស្ថិតិរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងបានបង្ហាញថា ចំនួនរថយន្តផ្ទះចល័ត ឬភាសាបច្ចេកទេសហៅថារថយន្តប្រភេទ RV សរុបក្នុងប្រទេសមានប្រមាណ ៣៨០០០ គ្រឿងគិតត្រឹមចុងឆ្នាំ ២០២០ ពោលគឺមានការកើនឡើង ៥៣,៨ ភាគរយ បើធៀបនឹងចុងឆ្នាំ ២០១៩ ដែលមានត្រឹមតែ ២៥០០០ គ្រឿង។


ការកើនឡើងនេះគឺដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ បានរឹតត្បិតសកម្មភាពជួបជុំសាធារណៈ ដែលធ្វើឲ្យប្រជាជនងាកទៅរកការកម្សាន្ត និងកីឡាក្រៅផ្ទះជាលក្ខណៈឯកជនវិញ។ 


ទន្ទឹមនឹងការកើនឡើងនៃរថយន្ត RV បញ្ហាកន្លែងចតរថយន្តមិនគ្រប់គ្រាន់សម្រាប់រថយន្តប្រភេទនេះក៏កាន់តែមានការកើនឡើងដូចគ្នា។

 

 

អ្នកបើកបរជាច្រើនត្រូវចតរថយន្តផ្ទះចល័តរបស់ពួកគេនៅក្នុងផ្លូវដាច់ស្រយាលដែលមិនសូវមានចរាចរណ៍ខ្លះ នៅចំណតសាធារណៈខ្លះ ឬនៅក្នុងសហគមន៍រស់នៅតែម្ដង។

 

 

ទោះយ៉ាងណា ការចតរថយន្តប្រភេទនេះរយៈពេលយូរ បានជះឥទ្ធិពលដល់ចរាចរណ៍យានយន្តធម្មតា ហើយបណ្តាលឱ្យមានជម្លោះកើតឡើងជាញឹកញាប់។

 


ឆ្លើយតបនឹងបញ្ហា ចំណតរថយន្តសាធារណៈមួយនៅក្នុងទីក្រុងអ៊ីនឈុន ក៏បានកែប្រែហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់របស់ខ្លួនទៅជាចំណតពិសេសសម្រាប់រថយន្ត RV ដែល ធ្វើឲ្យអត្រាចតរថយន្តកើនឡើងពី ២ ភាគរយដល់ ៧៨ ភាគរយ។

 

 

ការសម្របខ្លួននេះមិនត្រឹមតែជួយដោះស្រាយការលំបាករបស់ម្ចាស់រថយន្ត RV ក្នុងការចតរថយន្តប៉ុណ្ណោះទេ តែក៏បានជំរុញឱ្យមានប្រាក់ចំណូលសម្រាប់ចំណតរថយន្តនេះដែរ ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025