ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
Suga សមាជិកក្រុមចម្រៀងកូរ៉េ BTS បានបង្ហាញទឹកចិត្តសប្បុរសតាមរយៈការបរិច្ចាគប្រាក់ ៣,៦ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលថែទាំពិសេសមួយដែលផ្ដល់ការគាំទ្រជាពិសេសដល់អ្នកមានជំងឺអូទីស្សឹម។នៅថ្ងៃទី២៣ ខែមិថុនានេះ សមាជិកក្រុម BTS, Suga បានបរិច្ចាគប្រាក់ចំនួន ៥ ពាន់លានវ៉ុន (ស្មើនឹងប្រហែល ៣,៦ លានដុល្លារ) ដើម្បីបង្កើតមជ្ឈមណ្ឌលថែទាំពិសេសមួយដែលផ្ដល់ការគាំទ្រដល់អ្នកមានជំងឺអូទីស្សឹម និងជួយឱ្យពួកគេចូលរួមចំណែកបានកាន់តែល្អប្រសើរក្នុងសង្គម។
ដាក់ឈ្មោះតាមឈ្មោះពិតរបស់លោក មជ្ឈមណ្ឌល Min Yoon-gi នឹងមានទីតាំងនៅជាន់ទី ១ នៃអគារ Jejung Hall នៅសាខា Sinchon របស់មន្ទីរពេទ្យ Severance។ មជ្ឈមណ្ឌលនេះនឹងផ្តល់ការគាំទ្រផ្នែកភាសា សតិអារម្មណ៍ និងអាកប្បកិរិយាសម្រាប់អ្នកជំងឺអូទីស្សឹមវ័យក្មេង រួមជាមួយនឹងការព្យាបាល និងកម្មវិធីផ្សេងៗដែលបង្កើតឡើងដោយសហការជាមួយគ្លីនិកស្រាវជ្រាវ ។
យោងតាមមន្ទីរពេទ្យ Severance បានឱ្យដឹងថា Suga បានបង្ហាញចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដល់កុមារ និងក្មេងជំទង់ដែលមានជំងឺអូទីស្សឹម ជាពិសេសក្នុងការទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត និងប្រើតន្ត្រីដើម្បីជួយដល់ដំណើរការនោះ។ តារាប្រុសវ័យ ៣២ឆ្នាំរូបនេះបានចូលរួមផ្ទាល់ក្នុងការបង្កើតកម្មវិធីព្យាបាលតន្ត្រីដោយចូលរួមវគ្គពាក់ព័ន្ធពីខែមីនាដល់ខែមិថុនាឆ្នាំនេះនៅរៀងរាល់ចុងសប្តាហ៍ក្នុងអំឡុងពេលឈប់សម្រាកការងារបម្រើសេវាសង្គមរបស់លោក។
បន្ទាប់ពីចាប់ផ្តើមធ្វើការជាមួយសាស្រ្តាចារ្យពីនាយកដ្ឋានចិត្តសាស្ត្រនៅមន្ទីរពេទ្យ Severance មក Suga បានដឹងថាការព្យាបាលរយៈពេលខ្លីដែលមានស្រាប់គឺមិនគ្រប់គ្រាន់សម្រាប់អ្នកមានជំងឺអូទីស្សឹមនោះទេ។ ដូច្នេះហើយ លោកក៏បានបរិច្ចាគថវិកាដើម្បីជួយដល់កម្មវិធីព្យាបាលរយៈពេលវែងដល់ ១០ ឆ្នាំ ដែលនេះជាការបរិច្ចាគដ៏ធំបំផុតមិនធ្លាប់មានពីសំណាក់សិល្បករ។
សូមបញ្ជាក់ថា Suga គឺជាសមាជិកចុងក្រោយក្នុងចំណោមសមាជិកទាំង ៧ របស់ BTS ដែលបានបញ្ចប់កាតព្វកិច្ចជាតិ ដោយលោកទើបតែបានបញ្ចប់កាតព្វកិច្ចផ្នែកបម្រើសេវាសង្គម កាលពីថ្ងៃទី ២១ ខែមិថុនា ៕
ប្រែសម្រួល៖ វ៉ាន់ថន