ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាព មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់ ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងប្រទេសកម្ពុជាហើយ។ នេះបើតាមប្រកាសរបស់អន្តរក្រសួង ស្តីពី លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព។
ប្រកាសអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ស្តីពី លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព បានកំណត់ប្រភេទជនមានពិការភាពជា ៣កម្រិត ដូចជា៖ ១. ជនមានពិការភាពកម្រិតធ្ងន់ធ្ងរ ជាទូទៅគ្មានសមត្ថភាពប្រឡងយកបណ្ណបើកបរយានយន្តឡើយ ប៉ុន្តែលើកលែងករណីមួយប៉ុណ្ណោះ ដែលត្រូវការការបណ្តុះបណ្តាល ហ្វឹកហ្វឺន ថែទាំ ចិត្តសង្គម និងស្តារកាយសម្បទាជាមុន ទើបអាចមានសមត្ថភាពប្រឡងយកបណ្ណបើកយានយន្តកែច្នៃបាន។ ២. ជនមានពិការភាពកម្រិតមធ្យម ដែលមានសមត្ថភាពប្រឡងយកបណ្ណបើកបរ និងអនុញ្ញាតឲ្យបើកបរដោយតម្រូវឲ្យកែច្នៃផ្នែកនៃយានយន្ត និង៣. ជនមានពិការភាពកម្រិតស្រាល ដែលមានសមត្ថភាពប្រឡងយកបណ្ណបើកបរ និងអនុញ្ញាតឲ្យបើកបរដោយមិនចាំបាច់កែច្នៃយានយន្ត។
ដោយឡែក ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើសពី ៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។
ក្នុងប្រកាសបានបញ្ជាក់ដែរថា ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្វ្រាំង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្រប បង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។
ចំពោះសុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅដែរ។ ប៉ុន្តែសុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ដែលត្រូវប្ដូរមកបណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងការសាទរ ចំពោះជនមានពិការភាព ដែលអាចមានសិទ្ធិទទួលបណ្ណបើកបរនៅកម្ពុជា។ ឯកឧត្តមបានចាត់ទុកថា នេះជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យពិការភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ