ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ផ្ដើមចេញពីគម្រោងមួយរបស់អង្គការ Exceed Worldwide កាលពីឆ្នាំ១៩៩១ លុះដល់ឆ្នាំ១៩៩៤ ក៏បានវិវឌ្ឍខ្លួនទៅជាមហាវិទ្យាល័យវិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប ហើយក៏ចាប់ផ្ដើមបើកចំហទៅកាន់ពិភពលោក ទើបរហូតមកដល់ពេលនេះ មាននិស្សិតបរទេសមកសិក្សាជាបន្តបន្ទាប់សរុប ៣០ ប្រទេស ។ នេះគឺជាការលើកឡើងរបស់លោកស្រី ខេង ស៊ីសារី នាយិកាប្រចាំប្រទេស នៃអង្គការ Exceed Worldwide និងជានាយិកា មហាវិទ្យាល័យវិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប នៃវិទ្យាស្ថានជាតិសង្គមកិច្ច ។
សូមជម្រាបជូនថា និស្សិតដែលចូលសិក្សានៅមហាវិទ្យាល័យវិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប ក្នុងលក្ខខណ្ឌអាហារូបករណ៍ ១០០ ភាគរយ សិក្សាទ្រឹស្តី ៣០ ភាគរយ អនុវត្ត ៧០ ភាគរយ ហើយដោយសារតែនិស្សិតចម្រុះជាតិសាសន៍ ទើបភាសាដែលប្រើប្រាស់គឺភាសាអង់គ្លេស សុទ្ធ ។ ម្យ៉ាងទៀត និស្សិតដែលសិក្សានៅទីនោះ ក៏ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ បន្ទប់ស្នាក់នៅ បណ្ណរ៉ាប់រងសុខភាព និងសម្ភារសិក្សា ហើយអ្នកដែលអាចដាក់ពាក្យសុំអាហារូបករណ៍ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងចំណេះដឹងភាសាអង់គ្លេស អាចនិយាយ ស្តាប់ និងសរសេរបាន ។
មហាវិទ្យាល័យវិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប ទទួលស្គាល់ពីសមាគមអន្តរជាតិ ជំនាញឧបករណ៍សិប្បនិមិត្ត និងរណប ISPO នៅឆ្នាំ១៩៩៨ និងបានទទួលវិញ្ញាបនបត្រ ISO 9001 ក្នុងឆ្នាំ២០០២ ក្លាយជាសាលាបណ្តុះបណ្តាលជំនាញសិប្បនិមិត្ត និងរណបដំបូងគេនៅលើពិភពលោក និងជាអង្គការក្រៅរដ្ឋាភិបាលមុនគេ នៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រ ISO ។
តាមរយៈនេះ កម្ពុជា គឺជាអ្នកដឹកនាំសម្ព័ន្ធ នៃសាលាបណ្តុះបណ្តាលសិប្បនិមិត្ត និងរណប នៅអាស៊ី ហើយមហាវិទ្យាល័យវិស្វកម្មឩបករណ៍សិប្បនិម្មិត និងរណប បានផ្តល់កម្មវិធីសិក្សាជាគំរូ និងគ្រូបង្រៀនជនជាតិខ្មែរ ដែលមានជំនាញច្បាស់លាស់ ទៅជួយបង្កើតសាលានៅប្រទេសស្រីលង្កា នៅឆ្នាំ២០០៤ នៅឥណ្ឌូណេស៊ី ឆ្នាំ២០០៨ ហ្វ៊ីលីពីន នៅឆ្នាំ២០១២ និងនៅមីយ៉ាន់ម៉ា នាឆ្នាំ២០១៤ ។ នេះបើតាមការឱ្យដឹងរបស់លោកស្រី ខេង ស៊ីសារី ដដែល ៕
អត្ថបទ៖ ខឿន សាឃាង
រូបភាព៖ សែត ប៊ុនថាន់